FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ ត្រៀមសងសឹកកាន់តែធ្ងន់ធ្ងរ បើអាមេរិកបើកការវាយប្រហារជាថ្មី (Video inside)

01-10-2026 21:13

(ឌូបៃ)៖ ប្រភពមន្ត្រីបានបង្ហើបថា អ៊ីរ៉ង់កំពុងរៀបចំផែនការសងសឹកកាន់តែធំ និងខ្លាំងក្លាជាងមុន បើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាទ្រង់ទ្រាយធំជាថ្មី ខណៈមន្ត្រីអ៊ីរ៉ង់ផ្ទៃក្នុងយល់ថា កិច្ចប្រឹងប្រែងការទូតទំនងជាពិបាកជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

បើតាមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ៣ រូប មេបញ្ជាការកំពូលៗកំពុងពិនិត្យផែនការពង្រីកគោលដៅវាយប្រហារ មិនត្រឹមតែលើមូលដ្ឋានអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែអាចរាប់បញ្ចូលទាំងបណ្ដាប្រទេសដែលជួយគាំទ្រប្រតិបត្តិការយោធាអាមេរិក និងទីតាំងមួយចំនួននៅក្រៅមជ្ឈិមបូព៌ាថែមទៀត។ ចាប់តាំងពីប្រធានាធិបតី លោក Masoud Pezeshkian ត្រឡប់មកពីញូវយ៉កកាលពីសប្តាហ៍មុន ក្រុមមេបញ្ជាការ និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានផ្ដោតខ្លាំងលើទំហំ និងពេលវេលានៃការវាយបក ប្រសិនបើវ៉ាស៊ីនតោនបើកការវាយប្រហារម្ដងទៀត។

ទន្ទឹមគ្នានេះ ក្រុងតេអេរ៉ង់បានណែនាំក្រុមសម្ព័ន្ធមិត្តនៅលីបង់ យេម៉ែន និងអ៊ីរ៉ាក់ ឱ្យត្រៀមខ្លួនជួយអ៊ីរ៉ង់ តាមរយៈការវាយបកជាប្រព័ន្ធ «ចាប់ពីច្រកសមុទ្រហ័រមូស (Hormuz) រហូតដល់ផលប្រយោជន៍អាមេរិកក្នុង និងក្រៅតំបន់មជ្ឈិមបូព៌ា»។ លោក Hamidreza Azizi អ្នកវិភាគជាន់ខ្ពស់នៃ International Crisis Group បានកត់សម្គាល់ថា អ៊ីរ៉ង់នឹងមិនឆ្លើយតបបែបនិមិត្តរូបតូចតាចឡើយ គឺច្បាស់ជាសងសឹកធ្ងន់ធ្ងរ ដើម្បីស្ដារឡើងវិញនូវការទប់ស្កាត់ការគំរាមកំហែងពីសត្រូវ។

ក្រៅពីការត្រៀមលក្ខណៈយោធា ក្រុងតេអេរ៉ង់ក៏កំពុងថ្លឹងថ្លែងពីហានិភ័យនយោបាយរបស់លោក ដូណាល់ ត្រាំ ផងដែរ ដោយសារការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកភាគច្រើនមិនគាំទ្រសង្គ្រាមនេះទេ ខណៈតម្លៃប្រេងឥន្ធនៈឡើងថ្លៃ កំពុងក្លាយជាបន្ទុកធ្ងន់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានអូសបន្លាយ ៧ ខែមកហើយ ហើយទោះបីធ្លាប់មានបទឈប់បាញ់កាលពីខែមេសាក្ដី ក៏ការវាយប្រហារគ្នានៅតែកើតឡើងជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន៕