FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន (Video inside)

01-10-2026 20:48

(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានអាល្លឺម៉ង់ និងបារាំង ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុងជាបន្ទាន់ ដើម្បីជួយទម្លាក់ថ្លៃប្រេងលើទីផ្សារពិភពលោក បើពុំនោះទេ នឹងត្រូវប្រឈមបម្រាមនាំចេញប្រេងម៉ាស៊ូតពីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយយោងតាមប្រភពដឹងឮពីកិច្ចចរចា។

ការដាក់សម្ពាធកាន់តែខ្លាំងលើអឺរ៉ុបនេះ ធ្វើឡើងខណៈលោក ត្រាំ កំពុងពិចារណាដាក់បម្រាមនាំចេញប្រេងម៉ាស៊ូត ដើម្បីទាញទម្លាក់ថ្លៃប្រេងក្នុងស្រុក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាមកដល់។ ប្រភពការទូតមួយបានឱ្យដឹងថា អាមេរិកបានទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូត ១២០ លានបារ៉ែល ក្នុងរយៈពេល ៦ ខែខាងមុខ ស្របពេលដែលវ៉ាស៊ីនតោនមិនសប្បាយចិត្តនឹងបារាំង និងអាល្លឺម៉ង់ ដែលមិនបានអនុវត្តតាមការសន្យាកន្លងមក។

រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានឱ្យដឹងថា អាមេរិករំពឹងថានឹងមានការប្រកាសពីអឺរ៉ុបឆាប់ៗនេះ ជុំវិញការផ្គត់ផ្គង់ប្រេងបន្ថែម ក្រោយការនាំចូលពីមជ្ឈិមបូព៌ា និងចិនជួបការរអាក់រអួល។ ស្របពេលជាមួយគ្នានេះ គណៈកម្មការអឺរ៉ុប រួមទាំងអាល្លឺម៉ង់ បារាំង អ៊ីតាលី អៀរឡង់ និងអង់គ្លេស ក៏បានបើកកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីលទ្ធភាពបញ្ចេញប្រេងបម្រុងនេះផងដែរ។

បើតាមមន្ត្រីវិមាន Elysee ប្រធានាធិបតីបារាំង លោក Emmanuel Macron គ្រោងនឹងកោះប្រជុំវីដេអូជាមួយមេដឹកនាំក្រុមប្រទេស G7 ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេង និងសម្របសម្រួលការបញ្ចេញប្រេងបម្រុងជាមួយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។ បច្ចុប្បន្ន អឺរ៉ុបកាន់តែពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈរបស់អាមេរិក បន្ទាប់ពីផ្អាកការនាំចូលពីប្រទេសរុស្ស៊ី និងការរំខានដល់ការដឹកជញ្ជូនពីមជ្ឈិមបូព៌ា ដោយសារភ្លើងសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់៕