ហ្វីលីពីន បញ្ជូននាវាធំបំផុត និងយន្តហោះ ទៅដេញនាវាស្រាវជ្រាវចិនក្បែរកោះតៃវ៉ាន់
01-10-2026 19:47
(ម៉ានីល)៖ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ជូននាវាធំបំផុត និងយន្តហោះមួយគ្រឿង ទៅដេញនាវាស្រាវជ្រាវចិនដែលធ្វើសកម្មភាពនៅក្បែរខេត្ត Batanes ជិតកោះតៃវ៉ាន់ ខណៈនាវាឆ្មាំឆ្នេរសមុទ្រចិនបានបើកមកជួយអន្តរាគមន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីន លោក Jay Tarriela បានឱ្យដឹងថា ប្រតិបត្តិការនេះបានរារាំងការស្រាវជ្រាវខុសច្បាប់ និងបង្ខំឱ្យនាវាចិន JIA HAI KE 7 ចាកចេញពីកន្លែងដែលខ្លួនលួចសំចត។ នាវាស្រាវជ្រាវនេះ បានសំចតនៅចម្ងាយប្រមាណ ៣៧ ម៉ាយល៍សមុទ្រ ភាគពាយព្យកោះ Itbayat តាំងពីថ្ងៃទី២៨ ខែកញ្ញាមក។
ក្នុងប្រតិបត្តិការនោះ នាវា BRP Teresa Magbanua ប្រវែង ៩៧ ម៉ែត្ររបស់ហ្វីលីពីន បានបើកទៅកៀកនាវាចិនក្នុងចម្ងាយប្រមាណ ៩០ ម៉ែត្រ ហើយបានទម្លាក់ទូកកៅស៊ូល្បឿនលឿនឱ្យបើកឡោមព័ទ្ធ និងប្រកាសតាមវិទ្យុទាក់ទងឱ្យចាកចេញ។ ពេលនោះ នាវាឆ្មាំឆ្នេរសមុទ្រចិនបានបើកមកជួយបាំងការពារ និងប្រកាសតបតវិញតាមវិទ្យុទាក់ទង។
ហ្វីលីពីនចាត់ទុកវត្តមានរបស់នាវាឆ្មាំឆ្នេរសមុទ្រចិន ជារឿងគួរឱ្យសង្ស័យ ព្រោះនាវា JIA HAI KE 7 ជានាវាឯកជន ដែលនាំឱ្យគេសង្ស័យពីទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងគោលបំណងពិតប្រាកដក្នុងការលួចប្រមូលទិន្នន័យក្បែរបណ្ដាញខ្សែកាបក្រោមបាតសមុទ្រក្នុងច្រក Luzon។
ចំណែកស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថានាវាស្រាវជ្រាវរបស់ខ្លួនកំពុងបំពេញការងារធម្មតាក្នុងដែនទឹកចិន ព្រមទាំងបានចោទហ្វីលីពីនវិញថាជាអ្នកបង្ករឿង និងទាមទារឱ្យបញ្ឈប់ការជ្រៀតជ្រែកលើការស្រាវជ្រាវវិទ្យាសាស្ត្ររបស់ប៉េកាំង ៕
