FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីឥណ្ឌូណេស៊ី តែងតាំងរដ្ឋមន្ត្រីការបរទេសថ្មី (Video inside)

01-10-2026 16:38

(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសប្តូររដ្ឋមន្ត្រីការបរទេស ខណៈវាជាការផ្លាស់ប្តូរលើកទី២ ចំពោះតំណែងជាន់ខ្ពស់ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ក្នុងរយៈពេលមិនដល់៣សប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងការរុះរើគណៈរដ្ឋមន្ត្រី លោក Prabowo បានតែងតាំងលោក Arrmanatha Nasir ដែលជាអ្នកការទូតអាជីព ជារដ្ឋមន្ត្រីការបរទេសថ្មី។ កន្លងមកលោកធ្លាប់កាន់តំណែងជា តំណាងអចិន្ត្រៃយ៍របស់ក្រសួងការបរទេសឥណ្ឌូណេស៊ី ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ចំណែកលោក Sugiono ត្រូវបានផ្ទេរទៅតែងតាំងជា រដ្ឋមន្ត្រីអភិវឌ្ឍន៍ធនធានមនុស្ស។

ក្រុមអ្នកវិភាគបាននិយាយថា ក្រសួងការបរទេសឥណ្ឌូណេស៉ី ក្រោមការដឹកនាំរបស់លោក Sugiono គឺហាក់ត្រូវបានកាត់បន្ថយតួនាទី ដ្បិតលោក Prabowo ត្រូវសង្កេតឃើញថា បានដើរតួនាទីលេចធ្លោដោយផ្ទាល់ ក្នុងការកំណត់គោលនយោបាយការបរទេស។ លោក Sugiono ដែលមិនសូវចេញមុខចេញមាត់ កម្របង្ហាញខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺមិនមែនជាអ្នកការទូតទេ ហើយមកពីគណបក្ស Gerindra របស់លោក Prabowo។

លោក Sugiono ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៉ី ពិពណ៌នាថា ជាមនុស្សជំនិតមួយរូបរបស់លោក Prabowo បានដឹកនាំគំនិតផ្តួចផ្តើមគោលនយោបាយការបរទេសសំខាន់ៗ មួយចំនួន រួមទាំងការចូលជាសមាជិក BRICS ដែលជាក្រុមប្រទេសធំៗមានសេដ្ឋកិច្ចកំពុងរីកចម្រើន ក៏ដូជជាការសម្រេចចិត្តរបស់ទីក្រុងហ្សាការតា ក្នុងការចូលរួមគំនិតផ្តួចផ្តើម «ក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា ការតែងតាំងលោក Nasir ដែលពីមុនជាអនុរដ្ឋមន្ត្រីការបរទេស ក្រោមលោក Sugiono គឺធ្វើឡើងបន្ទាប់ពីលោក Prabowo ទើបតែបានបណ្តេញរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Purbaya Yudhi Sadewa កាលពីថ្ងៃទី១៤ ខែកញ្ញា ហើយដាក់អនុរដ្ឋមន្ត្រីរបស់លោក គឺលោក Suahasil Nazara ជំនួស។ ក្រុមវិនិយោគិន បានស្វាគមន៍ការផ្លាស់ប្តូរនោះ ដោយចាត់ទុកថា វាអាចជួយស្តារទំនុកចិត្តឡើងវិញ ចំពោះប្រទេសសមាជិក G20 ដែលមានសេដ្ឋកិច្ចទំហំ ១,៥ ទ្រីលានដុល្លារមួយនេះ បន្ទាប់ពីមានភាពមិនច្បាស់លាស់ ក្នុងការកំណត់គោលនយោបាយ អស់រយៈពេលជាច្រើនខែ៕