តៃវ៉ាន់ បញ្ជូលមេបញ្ជាការកងទ័ពជើងទឹក ទៅក្នុងកងកម្លាំងឆ្មាំសមុទ្រ ចំពោះមុខការពង្រឹងកម្លាំងប្រឈមមុខជាមួយចិន (Video inside)
01-10-2026 16:05
(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានប្រកាសថា មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពជើងទឹកតៃវ៉ាន់ម្នាក់ ត្រូវបានផ្ទេរទៅកាន់កងកម្លាំងឆ្មាំសមុទ្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ចំពេលដែលចិនបង្កើនវត្តមានរបស់ខ្លួននៅក្នុងដែនទឹក ជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦។
លោក Lai បានឱ្យដឹងថា លោក Yuan Sheng-hua នឹងផ្លាស់ពីតំណែងអនុប្រធានសេនាធិការនៅទីបញ្ជាការកងទ័ពជើងទឹក ទៅកាន់តំណែងអនុប្រធានកងកម្លាំងឆ្មាំសមុទ្រ។ លោក Lai បានឱ្យដឹងទៀតថា លោករំពឹងថា លោក Yuan នឹងប្រើប្រាស់បទពិសោធន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក និងកងកម្លាំងឆ្មាំសមុទ្រ។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ខេត្តមួយរបស់ខ្លួន ទោះជាមានការជំទាស់ពីទីក្រុងតៃប៉ិក៏ដោយ ហើយកងទ័ពរបស់ចិនតែងតែធ្វើប្រតិបត្តិការជុំវិញកោះនេះ ស្ទើរតែជារៀងរាល់ថ្ងៃ។ កាលពីខែមុន ទូកល្បាត catamaran ថ្មីមួយក្នុងចំណោមនាវាថ្នាក់ Anping របស់កងឆ្មាំសមុទ្រចិន បានបាញ់មីស៉ីលចូលក្នុងសមុទ្រអំឡុងពេលធ្វើសមយុទ្ធ ដែលបានបង្ហាញឱ្យឃើញពីសមត្ថភាពក្នុងការបំពាក់អាវុធរបស់ខ្លួន៕

