ប្រធានាធិបតីអ៉ីស្រាអែល ប្រកាសថានឹងផ្តល់ពានរង្វាន់ «វីរភាព» ដល់អ្នកដំណើរ flydubai ៤នាក់ (Video inside)
01-10-2026 15:11
(ហ្សេរុយសាឡឹម)៖ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ថា លោកនឹងផ្តល់ពានរង្វាន់ «វីរភាព» ដល់ជនជាតិអ៉ីស្រាអែល ៤នាក់ ដែលបានជួយឃាត់ខ្លួន ពីឡុតរងរបស់ក្រុមហ៊ុនអាកាសចរណ៍ flydubai និងរារាំងមិនឱ្យពីឡុតរូបនោះ បើកទម្លាក់យន្តហោះដែលពួកគេកំពុងជិះធ្វើដំណើរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Herzog បាននិយាយដោយសំដៅលើអ្នកទាំង៤ ដូច្នេះថា «អ្នកបានប្រថុយជីវិតរបស់អ្នក ដើម្បីជួយសង្គ្រោះអ្នកដទៃ និងបានទប់ស្កាត់មហន្តរាយដ៏ធ្ងន់ធ្ងរមួយ។ ថ្ងៃនេះ ពិភពលោកទាំងមូលបានឃើញមុខមាត់ដ៏ផូរផង់ និងភាពក្លាហាន របស់សង្គមអ៉ីស្រាអែល។ ខ្ញុំមានមោទនភាពចំពោះអ្នក ហើយខ្ញុំសូមតំណាងឱ្យរដ្ឋអ៉ីស្រាអែល អរគុណអ្នកទាំងអស់»។
លោកប្រធានាធិបតីអ៉ីស្រាអែល ក៏បានស្ងើចសរសើរពីឡុតយន្តហោះខាងលើ ដែលជាជនជាតិឥណ្ឌា ឈ្មោះ Smit Machchha ផងដែរ។ តាមមន្ត្រីអ៉ីស្រាអែល លោក Machchha ដែលមានតួនាទីជាពីឡុតស្នូលរបស់យន្តហោះ ត្រូវបានពីឡុតរងរបស់លោក ចាក់ឱ្យរបួសធ្ងន់ ប៉ុន្តែនៅអាចទៅបើកទ្វារបន្ទប់បើកបរ ដើម្បីឱ្យអ្នកដំណើរនិងបុគ្គលិក នាំគ្នាស្ទុះចូលទៅជួយបង្រ្កាបជនដៃដល់ និងសង្រ្គោះយន្តហោះ។
ក្នុងចំណោមជនជាតិអ៉ីស្រាអែល ដែលនឹងទទួលបាន «ពានរង្វាន់ប្រធានាធិបតី សម្រាប់វីរភាពជនស៊ីវិល» រួមមានទាំងលោក Yaniv Hayoun ដែលធ្វើការជាជាងជួសជុលបំពង់ទឹក។ លោកបានអះអាងថា នៅពេលចូលទៅដល់ក្នុងបន្ទប់អ្នកបើកបរយន្តហោះភ្លាម រូបលោកបានស្ទុះវាយនិងចាប់ឃាត់ពីឡុតរងម្នាក់នោះ។ លោក Hayoun ដែលអាវនៅជាប់ស្នាមប្រឡាក់ឈាម ត្រូវបាននាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ទៅទទួលដោយផ្ទាល់នៅអាកាសយានដ្ឋាន Ben Gurion កាលពីថ្ងៃពុធ បន្ទាប់ពីលោកត្រឡប់មកដល់អ៉ីស្រាអែល។
ក្រុមអ្នកដំណើរបាននិយាយថា ពួកគេបាននាំគ្នាស្ទុះចូលក្នុងបន្ទប់បើកយន្តហោះ បន្ទាប់ពីស្ត្រីម្នាក់បានស្រែក និងនិយាយថា មានការចាក់គ្នាកើតឡើង។ បើតាមការិយាល័យលោក Herzog លោក Asaf Rajuan ដែលបានជួយបង្រ្កាបជនដៃដល់ និងជាអ្នកត្រូវទទួលបានពានរង្វាន់ដែរនោះ បានប្រាប់លោកប្រធានាធិបតីអ៉ីស្រាអែល ដូច្នេះថា «ពួកយើងមានអារម្មណ៍ថា ដូចគ្មានទីពឹង ព្រោះស្ថិតនៅកណ្តាលអាកាស ហើយខ្ញុំមិនដឹងថា ត្រូវងាកទៅរកអ្នកណាទេ។ សភាវគតិបានជំរុញឱ្យយើងធ្វើសកម្មភាព ដើម្បីរស់រានមានជីវិត ដើម្បីជួយសង្គ្រោះក្រុមគ្រួសារ មនុស្សទាំងអស់ និងក្មេងៗ»។
គួរបញ្ជាក់ថា មូលហេតុនៅពីក្រោយហេតុការណ៍ចាក់គ្នារវាងពីឡុតនៅលើយន្ដហោះខាងលើមិនទាន់មានការបញ្ជាកឱ្យច្បាស់ទេ ខណៈក្រុមហ៊ុន Flydubai បានគូសបញ្ជាក់ថាមូលហេតុនៅពីក្រោយហេតុការណ៍នេះមិនទាន់ដឹងច្បាស់ឡើយទេ និងព្រមានប្រឆាំងនឹងការសន្និដ្ឋានលឿនពេក។ Flydubai បានសម្រេចចិត្តផ្អាកជើងហោះហើរទៅនិងមកអ៉ីស្រាអែល ជាបណ្ដោះអាសន្ន ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង។ ប៉ុន្តែ លោក Netanyahu បាននិយាយថាព្រឹត្តិការណ៍ ដែលបានកើតឡើងគឺជាឧបទ្ទហេតុសន្តិសុខធ្ងន់ធ្ងរ ហើយអាជ្ញាធរអារ៉ាប៊ីសាអូឌីតនឹងសួរចម្លើយសហពីឡុតនៃជើងហោះហើរ flydubai FZ1073 ដែលមានគោលដៅហោះហើរពីអេមីរ៉ាតអារ៉ាប់រួមឆ្ពោះទៅកាន់អ៉ីស្រាអែល៕


