អ្នកតំណាងពាណិជ្ជកម្មអាមេរិក ស្នើ G20 គាំទ្ររបៀបវារៈពន្ធរបស់ត្រាំ និងងាកទៅផ្តោតលើចិន (Video inside)
01-10-2026 14:37
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា អ្នកតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លោក Jamieson Greer បានអំពាវនាវឱ្យក្រុមប្រទេស G20 ចៀសវាងការអនុវត្តវិធានការបង្ខិតបង្ខំលើពាណិជ្ជកម្មស្បៀងអាហារ ដោះស្រាយបញ្ហាផលិតលើសតម្រូវការ និងពិនិត្យឡើងវិញនូវប្រព័ន្ធពន្ធគយដែលបាននិងកំពុងអនុវត្ត តាំងពីក្រោយសម័យសង្គ្រាមលោកលើកទី ២មក។ នេះបើយោងតាមការចេញផ្សាយដោយតីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្ម G20 លោក Greer បានបង្ហាញពីគោលដៅនៃរដ្ឋបាលលោក ត្រាំ ជុំវិញការស្តារវិស័យផលិតកម្មរបស់សហរដ្ឋអាមេរិក តាមរយៈការដាក់ពន្ធគយ ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ៗ។ របៀបវារៈនៃកិច្ចប្រជុំG20 ដឹកនាំដោយសហរដ្ឋអាមេរិក គឺអនុវត្តតាមគំរូរបស់រដ្ឋបាលលោក ត្រាំ ដើម្បីផ្តោតការយកចិត្តទុកដាក់ លើបញ្ហាការឧបត្ថម្ភធនផ្នែកឧស្សាហកម្មរបស់ចិន សមត្ថភាពផលិតលើសតម្រូវការ និងគោលនយោបាយសេដ្ឋកិច្ចដែលមិនស្របតាមយន្តការទីផ្សារ។
លោក Greer គូសបញ្ជាក់ថា «ពេលដែលគោលនយោបាយ និងការអនុវត្តមិនផ្អែកលើយន្តការទីផ្សារ អនុញ្ញាតឱ្យផលិតផលកើនលើសតម្រូវការក្នុងស្រុក នោះផលវិបាកនឹងរាលដាលឆ្លងព្រំដែន។ ទំនិញដែលផលិតលើសនឹងហូរចូលទៅក្នុងទីផ្សារពិភពលោក បង្កជាសម្ពាធដល់អ្នកផលិត និងកម្មករនៅតំបន់ផ្សេងទៀត»។ លោក Greer បានរិះគន់ប្រព័ន្ធពន្ធគយបែប «ប្រទេសដែលទទួលបានការអនុគ្រោះបំផុត» (Most Favored Nation) ដែលជាមូលដ្ឋានគ្រឹះនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងជាចំណុចស្នូលនៃប្រព័ន្ធពាណិជ្ជកម្មសកល ដែលផ្អែកលើការអនុវត្តអត្រាពន្ធស្មើៗគ្នា សម្រាប់ប្រទេសជាសមាជិក។
លោក Greer ក៏បានព្យាយាមការពារវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ដែលបានអនុវត្តទៅលើប្រទេសចំនួន៥៩ និងសហភាពអឺរ៉ុប ដោយសារតែមានការចោទប្រកាន់អំពីការអនុវត្តច្បាប់ធូររលុង ពាក់ព័ន្ធបញ្ហាពលកម្មដោយបង្ខំ។ លោកបានលើកឡើងថា ស្ថានភាពនេះ បង្កើតបានជាអត្ថប្រយោជន៍ផ្នែកតម្លៃដែលមិនកើតចេញពីយន្តការទីផ្សារធម្មតា និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មសកល៕


