FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងឱកាសខួបសាធារណរដ្ឋប្រជាមានិតចិន ប្រធានាធិបតី ស៉ី ជីនពីង អំពាវនាវឱ្យមានវឌ្ឍនភាពឆ្ពោះទៅរក ការបង្រួបបង្រួមជាមួយតៃវ៉ាន់ (Video inside)

01-10-2026 14:00

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានអំពាវនាវឱ្យជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក «ការបង្រួបបង្រួម» ជាមួយតៃវ៉ាន់ ដែលជាដែនកោះត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជាផ្នែកនៃប្រទេសចិន ក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ពោលគឺមួយថ្ងៃមុនគម្រប់ខួបសាធារណរដ្ឋប្រជាមានិតចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ស៉ី បានបង្ហាញជំហរប្រឆាំងជាដាច់ខាតចំពោះ «ការជ្រៀតជ្រែកពីខាងក្រៅ» ពាក់ព័ន្ធនឹងតៃវ៉ាន់ ក្នុងការថ្លែងសុន្ទរកថាមួយរបស់លោក មុនខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ សុន្ទរកថានេះទៀតសោត ធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរូបលោក បានប្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ទីក្រុងវ៉ាស៊ីនតោនគួរតែប្រឆាំងនឹងមហិច្ឆតាចង់បានឯករាជ្យរបស់កោះតៃវ៉ាន់។ ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ត្រឹមជាផ្នែកមួយប៉ុណ្ណោះនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោល លទ្ធភាពប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងកោះនេះឡើយ។

លោក ស៉ី បានលើកឡើងដូច្នេះថា «យើងត្រូវពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឆ្លងច្រកសមុទ្រតៃវ៉ាន់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះកម្លាំងបំបែកខ្លួនដែលគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់» ហើយប្រឆាំងការជ្រៀតជ្រែកនានាពីកម្លាំងខាងក្រៅ ព្រមទាំងជំរុញការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រនេះ និងជំរុញបុព្វហេតុដ៏អស្ចារ្យនៃការបង្រួបបង្រួមជាតិ»។

សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ បន្ទាប់ពីកងទ័ពកុម្មុយនីស្ត បានយកឈ្នះកងកម្លាំងជាតិនិយម Kuomintang នៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិល ដែលបានអូសបន្លាយអស់រយៈពេលពីរទសវត្សរ៍។ កងកម្លាំង Kuomintang ដែលចាញ់សង្គ្រាម បានរត់ភៀសខ្លួនទៅកាន់តៃវ៉ាន់។ ដែនកោះនេះពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់សន្តិសុខរបស់ខ្លួន រួមទាំងតាមរយៈការទិញសព្វាវុធ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីចិន ទើបតែបានបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ហើយអំឡុងពេលនោះ លោក ស៉ី បានប្រាប់លោក ត្រាំ ឱ្យបង្ហាញជំហរដោយប្រុងប្រយ័ត្នចំពោះបញ្ហាតៃវ៉ាន់ និងបានជំរុញឱ្យសហរដ្ឋអាមេរិក ប្រឆាំងឯករាជ្យភាពរបស់ដែនកោះនេះ៕