ព្រះអង្គម្ចាស់ MBS៖ អារ៉ាប៊ីសាអូឌីតប្ដេជ្ញាមិនធ្វើសម្បទានលើបញ្ហាសន្តិសុខជាតិ ខណៈហ៊ូទីជ្រើសរើសយកការបង្កចលាចល (Video inside)
01-10-2026 10:12
(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman (MBS) បានប្ដេជ្ញាថានឹងមិនធ្វើសម្បទានលើបញ្ហាសន្តិសុខរបស់អារ៉ាប៊ីសាអូឌីតដាច់ខាត នៅចំពោះមុខការវាយប្រហារពីក្រុមហ៊ូទី ដោយនិយាយថាក្រុមឧទ្ទាមនៅយ៉េមែនដែលមានអ៉ីរ៉ង់ជាមេកើយមួយនេះជ្រើសរើសយកការបង្កចលាចល ការបំផ្លិចបំផ្លាញ និងគំរាមកំហែងប្រជាជនយេម៉ែន និងប្រជាជនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។
ការកត់សម្គាល់បែបនេះរបស់ព្រះអង្គម្ចាស់ bin Salman ធ្វើឡើងកាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តំណាងឱ្យព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត King Salman អំឡុងសុន្ទរកថាបើកកិច្ចប្រជុំនៃក្រុមប្រឹក្សា Shura របស់អារ៉ាប៊ីសាអូឌីត។ តាមព្រះអង្គម្ចាស់រជ្ជទាយាទ ប្រទេសរបស់ព្រះអង្គនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការឆ្លើយតប យ៉ាងខ្លាំងក្លាប្រឆាំងទៅនឹងរាល់ការគំរាមកំហែង ឬការវាយប្រហារដែលមានគោលដៅបំផ្លាញសន្តិសុខជាតិ។
ព្រះអង្គម្ចាស់ក៏បានលើកឡើងផងដែរថា កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mecca Joint Defence Agreement) ជាមួយតួកគីយ៉េ និងប៉ាគីស្ថាន ដែលត្រូវបាន ចុះហត្ថលេខាកាលពីខែសីហាកន្លងទៅ បានបង្ហាញពីឆន្ទៈរបស់មេដឹកនាំអារ៉ាប៊ីសាអូឌីត ក្នុងការពង្រឹងស្ថិរភាពក្នុងតំបន់ និងការពារតំបន់ពីផលវិបាក ឬគ្រោះថ្នាក់ ដែលកើតចេញពីភាពតានតឹង និងជម្លោះ ក៏ដូចជាសម្របសម្រួលកិច្ចប្រឹងប្រែងនានា។
បើតាមព្រះអង្គម្ចាស់ MBS អារ៉ាប៊ីសាអូឌីតកំពុងប្រឹងប្រែងស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹង និងគាំទ្រដល់កិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត តែនឹងមិនធ្វើសម្បទានដាច់ខាតពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ៕
