អ៊ីស្រាអែល សង្ស័យថា ករណីពីឡុតចាក់គ្នាលើយន្តហោះ flydubai អាចជាការប៉ុនប៉ង «វាយប្រហារភេរវកម្ម»
30-09-2026 23:11
(ហ្ស៊េរុយសាឡិម)៖ រដ្ឋាភិបាលអ៊ីស្រាអែល ជឿជាក់ថា ហេតុការណ៍ចាក់គ្នាលើយន្តហោះដឹកអ្នកដំណើរ flydubai រហូតត្រូវបង្វែរទិសដៅទៅចុះចតនៅអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ អាចជាការប៉ុនប៉ង «វាយប្រហារភេរវកម្ម» បង្កឡើងដោយពីឡុតម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ២ រូប។
បើតាមមន្ត្រីដដែល ពីឡុតរង (Co-pilot) បានយកកាំបិតចាក់ប្រធានពីឡុត (Captain) មុនពេលក្រុមយានិកសម្រុកចូលកាប៊ីនបញ្ជា ហើយគ្រប់គ្រងស្ថានការណ៍បានទាន់ពេល។ អ៊ីស្រាអែលវាយតម្លៃថា នេះជាការប៉ុនប៉ងវាយប្រហារភេរវកម្ម ដោយគ្មានជាប់ពាក់ព័ន្ធនឹងបញ្ហាជំងឺផ្លូវចិត្តនោះឡើយ។
ទិន្នន័យពីគេហទំព័រ Flightradar24 បានបង្ហាញថា យន្តហោះ Boeing 737 ដែលដឹកអ្នកដំណើរអ៊ីស្រាអែលប្រមាណ ១៥០នាក់ បានធ្លាក់កម្ពស់យ៉ាងគំហុកជិត ៤,២០០ ម៉ែត្រ ក្នុងរយៈពេលមិនដល់ ៣០វិនាទីផង មុនពេលបញ្ជូនសញ្ញាអាសន្ន។ យន្តហោះបានបង្វែរទិសដៅពេលកំពុងហោះកាត់ដែនអាកាសហ្ស៊កដានី ដោយបានបញ្ជូនសញ្ញាអាសន្នទូទៅ និងសញ្ញាព្រមានពីការប្លន់យន្តហោះ មុនពេលចុះចតនៅព្រលានយន្តហោះ តាប៊ុក (Tabuk) ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា បច្ចុប្បន្ន ពីឡុតទាំងពីរនាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង Tabuk ដោយម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ខណៈអាជ្ញាធរមិនទាន់បញ្ជាក់អត្តសញ្ញាណពីឡុតបង្កហេតុជាផ្លូវការនៅឡើយទេ៕
ទស្សនាវិដេអូខណៈពេលកើតហេតុ៖ https://share.coolapp.com.kh/CQAAAGZyZXNobmV3c6-xCAUH30HbrXlySkdtl38
