អ៊ីរ៉ង់ ទទួលបានចម្លើយតបពីអាមេរិកជុំវិញសំណើថ្មី ស្របពេលវ៉ាស៊ីនតោនដកទ័ពទាំងស្រុងចេញពីអ៊ីរ៉ាក់
30-09-2026 20:39
(តេហេរ៉ង់)៖ អ៊ីរ៉ង់បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានទទួលចម្លើយតបពីសហរដ្ឋអាមេរិក ជុំវិញសំណើថ្មីដើម្បីស្ដារបទឈប់បាញ់នៅតំបន់ឈូងសមុទ្រឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសទាត់ចោលកាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
ស្របពេលជាមួយគ្នានេះ ក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បាននាំគ្នាអបអរសាទរ ក្រោយសហរដ្ឋអាមេរិកបានដកកងទ័ពចុងក្រោយរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ដែលជាសង្គ្រាមដ៏ធំបំផុតក្នុងសតវត្សរ៍នេះ បណ្ដាលឱ្យទាហានអាមេរិកស្លាប់ ៤,៥០០ នាក់ និងជនស៊ីវិលអ៊ីរ៉ាក់ជាង ២០ ម៉ឺននាក់បាត់បង់ជីវិត ចាប់តាំងពីការផ្ដួលរំលំរបបលោក សាដាម ហ៊ូសេន ក្នុងឆ្នាំ២០០៣។ ក្រុងតេអេរ៉ង់ចាត់ទុកការដកទ័ពនេះ ជាជ័យជម្នះរបស់ក្រុម «អ័ក្សតស៊ូ (Axis of Resistance)» និងជាជំហានឆ្ពោះទៅរុញច្រានកងទ័ពអាមេរិកឱ្យអស់ពីតំបន់។
ចំពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានចូលដល់ខែទី ៨ អ៊ីរ៉ង់បានដាក់ចេញសំណើកាលពីសប្តាហ៍មុន ដោយស្នើឱ្យអាមេរិកដកការបិទខ្ទប់កំពង់ផែរបស់ខ្លួន ជាថ្នូរនឹងការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញក្នុងរយៈពេល ៧ ថ្ងៃ។ មន្ត្រីម្នាក់ដែលដឹងរឿងកិច្ចចរចា បានបង្ហើបប្រាប់ Reuters ថា ក្រុមអ្នកសម្របសម្រួលកាតា បានប្រគល់ចម្លើយតបរបស់អាមេរិក ជូនលោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ពេលលោកឈប់សំចតនៅរដ្ឋធានីដូហា។ ប្រភពដដែលបញ្ជាក់ថា ភាគីទាំងពីរបានយល់ស្របគ្នាលើចំណុចភាគច្រើន ប៉ុន្តែនៅតែខ្វែងគំនិតគ្នាលើលំដាប់លំដោយនៃការអនុវត្តនៅឡើយ។
អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងដែលផ្ដល់សិទ្ធិឱ្យខ្លួនគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតលើពិភពលោក។ បច្ចុប្បន្ន លំហូរដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិតាមច្រកនេះ នៅតែបន្តរងការរំខានយ៉ាងខ្លាំង ខណៈទីភ្នាក់ងារសន្តិសុខដែនសមុទ្រអង់គ្លេស (UKMTO) បានរាយការណ៍ថា នាវា ២ គ្រឿងទើបតែរងការវាយប្រហារដោយគ្រាប់ផ្លោងកាលពីថ្ងៃអង្គារ ៕



