FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង គ្រោងបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ក្នុងខែតុលា

30-09-2026 18:49

(គូឡាឡាំពួ)៖ ប្រធានាធិបតី និងជាមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាខែតុលាខាងមុខ ខណៈប្រទេសទាំងពីរបន្តកិច្ចចរចាជុំវិញការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយស្រង់របាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama។

ទីភ្នាក់ងារព័ត៌មាន Bernama បានស្រង់សម្ដីអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Fahmi Fadzil មកបញ្ជាក់ថា លោក មីន អ៊ុងឡាំង ស្ថិតក្នុងចំណោមមេដឹកនាំបរទេសមួយចំនួនដែលគ្រោងមកបំពេញទស្សនកិច្ចនៅរដ្ឋធានីគូឡាឡាំពួ ក្នុងខែតុលា។ លោកបន្ថែមថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នឹងជួបពិភាក្សាជាមួយភាគីមីយ៉ាន់ម៉ានាពេលឆាប់ៗ ដើម្បីសម្រួលដល់ការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅស្រុកកំណើតវិញ ខណៈម៉ាឡេស៊ីគ្រោងនឹងបញ្ជូនមនុស្សចំនួន ៣,៥២៤ នាក់ទៀត ក្នុងដំណាក់កាលទីពីរ។

ការប្រកាសពីដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីម៉ាឡេស៊ីទើបតែបាននិរទេសពលរដ្ឋមីយ៉ាន់ម៉ាជិត ១,៥០០ នាក់ តាមនាវា ៣ គ្រឿងដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាបញ្ជូនមកទទួល កាលពីថ្ងៃអង្គារ បើទោះបីជាមានការព្រួយបារម្ភពីអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សយ៉ាងណាក្ដី។

ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានច្រានចោលការចោទប្រកាន់ដែលថា ម៉ាឡេស៊ីបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញដោយមិនខ្វល់ពីសុវត្ថិភាព ដោយលោកបានបញ្ជាក់ថា៖ «មិនពិតទេដែលថា យើងគ្រាន់តែរុញច្រានពួកគេចេញ... គឺយើងបានចរចាគ្នាត្រឹមត្រូវ»។ ម៉ាឡេស៊ីបានលើកឡើងថា ជនភៀសខ្លួនមីយ៉ាន់ម៉ាដែលជាក្រុមសុំសិទ្ធិជ្រកកោនច្រើនជាងគេ បានបង្កជាបន្ទុកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមផ្នែកសន្តិសុខដល់ប្រទេស ហើយការបន្តចរចាជាមួយមីយ៉ាន់ម៉ា គឺជាមធ្យោបាយចាំបាច់ដើម្បីដោះស្រាយបញ្ហានេះ៕