FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចារកម្មកូរ៉េខាងត្បូង ចេញរបាយការណ៍អំពីស្ថានភាពសុខភាពលោក គីម ជុងអ៊ុន ដោយអះអាងថា លោកធាត់ខ្លាំង មានទម្ងន់លើស ១៤០គីឡូ (Video inside)

30-09-2026 15:49

(សេអ៊ូល)៖ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទំនងជាមានសភាពធាត់ខ្លាំង ដោយផ្អែកលើការវាយតម្លៃចុងក្រោយរបស់ខ្លួន អំពីស្ថានភាពសុខភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សមាជិកសភាកូរ៉េខាងត្បូង លោក Youn Kun-young បាននិយាយដោយយោងតាមរបាយការណ៍ពីទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ដូច្នេះថា «ស្ថានភាពសុខភាពរបស់លោក គីម ត្រូវបានវាយតម្លៃថា ស្ថិតក្នុងកម្រិតធាត់យ៉ាងខ្លាំង ជាមួយទម្ងន់លើស ១៤០គីឡូក្រាម»។ លោក Youn បានបន្ថែមថា ស្របពេលលោក គីម ស្ថិតក្នុងហានិភ័យខ្ពស់ នៃការកើតជំងឺសរសៃឈាមបេះដូងក៏ពិតមែន មេដឹកនាំកូរ៉េខាងជើងរូបនេះ មិនបានបង្ហាញឱ្យឃើញថា មានការលំបាកក្នុងការធ្វើសកម្មភាពរូបរាងកាយនោះទេ រួមទាំងការរត់ឡើងជណ្តើរ ជាដើម។ លោក Youn បានបន្តថា «យោងតាមការវាយតម្លៃ គឺហាក់មិនមានសញ្ញានៃបញ្ហាសុខភាពណាមួយឡើយ ដ្បិតក្រុមគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោក គីម បានតាមដានយ៉ាងជាប់លាប់បំផុត»។

លោក គីម ត្រូវគេដឹងថាជាបុគ្គលចូលចិត្តជក់បារីច្រើនៗ និងមានរូបរាងធាត់ខ្លាំងជាយូរមកហើយ ខណៈស្ថានភាពសុខភាពរបស់លោក ត្រូវបានគេតាមដានយ៉ាងដិតដល់នៅលើឆាកអន្តរជាតិ ព្រោះក្នុងករណីសុខៗរូបលោកស្រាប់តែទទួលមរណភាពភ្លាមៗនោះ វាអាចបង្កភាពស្រពេចស្រពិលជុំវិញការផ្ទេរអំណាច និងស្ថិរភាពនៅក្នុងប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។ ការសង្ស័យអំពីសុខភាព របស់លោក គីម បានលេចឡើងខ្លាំង កាលពីឆ្នាំ២០២០ នៅពេលលោកត្រូវគេកត់សម្គាល់ឃើញថា មិនបានចូលរួមពិធីរំឭកខួបកំណើតរបស់ជីតាលោក ហើយបានបាត់មុខពីសាធារណៈ ប្រហែល២០ថ្ងៃ ជាហេតុធ្វើឱ្យមានពាក្យចចាមអារ៉ាមថា លោកធ្លាក់ខ្លួនឈឺធ្ងន់ បន្ទាប់ពីទទួលការវះកាត់។

ឪពុករបស់លោក គីម គឺលោក គីម ជុងអ៉ីល និងជីតា លោក គីម អ៉ីលស៊ុង សុទ្ធតែមានសភាពធាត់ និងជាអ្នកជក់បារីខ្លាំងដូចគ្នាដែរ។ អតីតមេដឹកនាំទាំងពីរ បានទទួលមរណភាព ដោយសារគាំងបេះដូង។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ កំពុងបន្តស្ថិតក្រោមទណ្ឌកម្មជាច្រើនកម្រិត ដោយសារកម្មវិធីមីស៉ីលបាលិស្ទីគ និងនុយក្លេអ៊ែរ ហើយមានសេដ្ឋកិច្ចដុនដាបខ្លាំង ព្រមទាំងប្រឈមបញ្ហាខ្វះស្បៀងអាហាររ៉ាំរ៉ៃ។

គួរបញ្ជាក់ថា លោកស្រី Elizabeth Salmon អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកូរ៉េខាងជើង បានអះអាងកាលពីខែកុម្ភៈ ឆ្នាំនេះថា បញ្ហាខ្វះស្បៀងអាហារ គឺជាក្តីកង្វល់មនុស្សធម៌ដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសនេះ។ ប៉ុន្តែ លោក Paul Smart មេចុងភៅនៅសណ្ឋាគារ Metropole ក្នុងទីក្រុងហាណូយ ដែលធ្លាប់ធ្វើការជាមួយមេចុងភៅផ្ទាល់ខ្លួនរបស់លោក គីម កាលពីអំឡុងកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិកឆ្នាំ២០១៩ បានបង្ហើបឱ្យដឹងនៅពេលនោះថា មេដឹកនាំកូរ៉េខាងជើងរូបនេះ ចូលចិត្តទទួលទាហានអាហារថ្លៃៗ និងពិសេសៗ៕