FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីព្រីតថេន ថាកំពុងថ្លឹងថ្លែងពីទំនាក់ទំនងជាមួយប្លុកសហភាពអឺរ៉ុបឡើងវិញ រួមទាំងការចូលជាសមាជិកសាជាថ្មី (Video inside)

30-09-2026 15:16

(ឡុងដ៏)៖ លោកនាយករដ្ឋមន្ត្រី Andy Burnham បាននិយាយថា ព្រីតថេនគួរតែពិចារណាលើជម្រើសនានា ជុំវិញអនាគតនៃទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) រួមទាំងលទ្ធភាពនៃការចូលជាសមាជិកក្នុងប្លុកសាជាថ្មី ខណៈដែលលោកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទំនាក់ទំនងជាមួយអឺរ៉ុបឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍ BBC លោក Burnham ថាការចាកចេញរបស់ព្រីតថេនពីសហភាពអឺរ៉ុប ឬ Brexit បង្កផលអវិជ្ជមានច្រើនជាងវិជ្ជមាន ហើយថាព្រីនថេនគួរតែពិនិត្យមើលគំរូផ្សេងៗ សម្រាប់ទំនាក់ទំនងយូអង្វែងជាមួយអឺរ៉ុប និងសម្រេចថាតើគំរូមួយណាផ្តល់នូវមាគ៌ាដ៏ល្អបំផុត សម្រាប់ដំណើរទៅមុខ។

លោកក៏បានបញ្ជាក់ផងដែរ អំពីការលើកឡើងរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ មកពីគណបក្សអភិរក្សនិយម (Liberal Democrats) ពាក់ព័ន្ធការបង្កើតសហភាពគយ ឬទីផ្សារតែមួយដែលគណបក្សអភិរក្សនិយម បានលើកជាយោបល់ក្នុងសន្និបាតរបស់ពួក ដោយនិយាយថា ជម្រើសនានាគួរតែត្រូវបានវាយតម្លៃ ផ្អែកលើអ្វីដែលអាចទៅរួច និងគុណសម្បត្តិព្រមទាំងគុណវិបត្តិ នៃជម្រើសនីមួយៗ។

គួរបញ្ជាក់ថា ព្រីតថេន បានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៦ ដែលបានបញ្ចប់សមាជិកភាព អស់រយៈពេលជាង៤ទសវត្សរ៍របស់ខ្លួន និងបង្កឱ្យមានភាពចលាចលផ្នែកនយោបាយច្រើនឆ្នាំ ខណៈរដ្ឋាភិបាលពីមួយទៅមួយ ត្រូវដោះស្រាយបញ្ហាផលវិបាកផ្នែកសេដ្ឋកិច្ច និងការទូតដែលកើតចេញពីការបោះឆ្នោតនោះ៕