លោក ហ្សេលេនស្គី៖ បែលហ្ស៊ិកនឹងប្រគល់យន្តហោះចម្បាំង F-16 ៣គ្រឿងឱ្យអ៊ុយក្រែនក្នុងឆ្នាំនេះ (Video inside)
30-09-2026 14:47
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ថា បែលហ្ស៊ិក នឹងប្រគល់យន្តហោះចម្បាំង F-16 ចំនួន៣គ្រឿងឱ្យអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំនេះ ដើម្បីជួយអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកបានសរសេរនៅលើបណ្តាញសង្គម X ដូច្នេះថា «មានកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយបែលហ្ស៊ិក ស្តីពីការប្រគល់យន្តហោះចម្បាំង F-16 ចំនួន៣គ្រឿង នៅមុនដំណាច់ឆ្នាំនេះ។ យើងនឹងខិតខំដើម្បីទទួលបានយន្តហោះទាំងនេះ តាមនីតិវិធីដែលត្រូវបានពន្លឿន»។ លោក ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនក៏បានទទួលរួចហើយផងដែរ នូវការផ្គត់ផ្គង់បន្ទាន់ នៃគ្រាប់សម្រាប់បំពាក់លើ F-16 ពីបែលហ្ស៊ិកនិងអេស្ប៉ាញ ក្នុងចំណោមប្រទេសដទៃទៀត។
បន្ទាប់មកទៀត ក្នុងសុន្ទរកថាតាមវីដេអូប្រចាំពេលយប់ លោក ហ្សេលេនស្គី បានឱ្យដឹងថា អ៊ុយក្រែន កាលពីមួយថ្ងៃមុន ទើបទទួលបាននូវកញ្ចប់ជំនួយដ៏ប្រសើរមួយ នៃប្រព័ន្ធការពារដែនអាកាស NASAMS ដែលអភិវឌ្ឍរួមគ្នាដោយអាមេរិក និងន័រវែស ហើយលោកបានបង្ហោះសារអរគុណប្រទេសទាំងពីរ។ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រាប់ដែរថា កិច្ចពិភាក្សាកំពុងតែបន្ត ដើម្បីធានាថា អ៊ុយក្រែននឹងទទួលបានការផ្គត់ផ្គង់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលដើរតួនាទីសំខាន់ ក្នុងការស្ទាក់ចាប់មីស៊ីលបាលិស្ទីគរបស់រុស្ស៊ី។
ជាចុងក្រោយ លោក ហ្សេលេនស្គី បាននិយាយថា កំពុងបន្តការធ្វើតេស្ត ដើម្បីបង្កើនប្រសិទ្ធភាពមធ្យោបាយបាញ់ស្ទាក់របស់អ៊ុយក្រែន ក្នុងការទប់ស្កាត់ដ្រូនរបស់រុស្ស៊ី ដែលប្រើម៉ាស៊ីន jet ដូចយន្តហោះ។ ដ្រូនប្រភេទនេះ ហោះបានខ្ពស់និងលឿនជាងដ្រូនធម្មតា ដែលជាទូទៅប្រើស្លាបចក្រ។ លោកបានឱ្យដឹងថា ក្នុងចំណោមដ្រូនរុស្ស៊ីជាង១០០គ្រឿង ដែលត្រូវបានដាក់ពង្រាយកាលពីថ្ងៃអង្គារ មាន២៩គ្រឿងជាដ្រូនប្រើម៉ាស៊ីន jet ហើយក្នុងចំណោមនោះ ១៨គ្រឿងត្រូវបានបាញ់ទម្លាក់៕


