រដ្ឋមន្រ្តីការពារជាតិអាមេរិក គ្រោងប្រកាសកាត់បន្ថយចំនួនមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍ ប្រមាណ២០ភាគរយ
30-09-2026 13:44
(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ត្រូវបានគេរំពឹងថា នឹងប្រកាសពីផែនការកាត់បន្ថយចំនួនតំណែងមន្រ្តីយោធាជាន់ខ្ពស់ រហូតដល់២០ភាគរយ ដែលជាការកាត់បន្ថយច្រើនជាងទ្វេដង នៃចំនួនដែលត្រូវបានរំពឹងទុកទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
មន្ត្រីអាមេរិកបានប្រាប់កាសែត The Washington Post, Fox News និង ABC News ថា ការកាត់បន្ថយចំនួនមន្រ្តីយោធា ថ្នាក់ឧត្តមសេនីយ៍និងឧត្តមនាវី ត្រូវបានរំពឹងថា នឹងប្រកាសក្នុងការថ្លែងសុន្ទរកថាប្រចាំឆ្នាំ State of the Force របស់លោក Hegseth នាថ្ងៃពុធសប្តាហ៍នេះ នៅមូលដ្ឋានកងម៉ារីន Quantico ក្នុងរដ្ឋ Virginia។ The Washington Post បានរាយការណ៍ថា ការកាត់បន្ថយនេះ អាចប៉ះពាល់ដល់អាជីពនិងឱកាសរបស់មន្រ្តីយោធាជាន់ខ្ពស់រាប់រយនាក់ បន្ទាប់ពីមានការបណ្តេញចេញ និងការបដិសេធមិនដំឡើងតំណែងជាបន្តបន្ទាប់ នាពេលកន្លងមក។
ទោះបីសហរដ្ឋអាមេរិក កំពុងបន្តធ្វើសង្គ្រាមជាមួយអ៉ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈក៏ដោយ លោក Hegseth បានបណ្តេញអគ្គសេនាធិការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ Randy George កាលពីខែមេសា។ រីឯកាលពីប៉ុន្មានថ្ងៃ មុនពេលសង្គ្រាមចាប់ផ្តើម សមាជិកពីររូបនៃអគ្គសេនាធិការដ្ឋានចម្រុះ គឺប្រធានអគ្គសេនាធិការ លោកឧត្តមសេនីយ៍ Charles Brown Jr. និងនាយឧត្តមនាវីកងទ័ពជើងទឹក លោកស្រី Lisa Franchetti ក៏ត្រូវបានបញ្ឈប់ពីតំណែងផងដែរ។ លើសពីនេះ មន្ត្រីយោធាជាន់ខ្ពស់មួយចំនួនផ្សេងទៀត បានចាកចេញពីជួរកងទ័ពអាមេរិក តាមរយៈការចូលនិវត្តន៍ និងការលាលែងពីតំណែង រួមមានទាំងរដ្ឋមន្រ្តីកងទ័ពជើងគោក លោក Dan Driscoll ដែលបានលាលែងពីតួនាទី កាលពីដើមខែកញ្ញានេះ បន្ទាប់ពីមានការទាស់ទែងគ្នាជាបន្តបន្ទាប់ ជាមួយលោក Hegseth។
គួរបញ្ចាក់ថា គម្រោងប្រកាសផែនការខាងលើរបស់ Hegseth កើតឡើង ខណៈដែលសហរដ្ឋអាមេរិក បន្តឈានចូលខែទី៧ នៃសង្គ្រាមជាមួយអ៉ីរ៉ង់។ របាយការណ៍ថ្មីមួយ របស់មន្ទីរបញ្ចកោណ ទើបតែបានបង្ហាញថា មានការខូចខាតមូលដ្ឋានយោធា និងការបាត់បង់អាវុធច្រើនជាងអ្វីដែលប្រមុខមន្ទីរបញ្ចកោណ ធ្លាប់បានបញ្ជាក់ពីមុន។ ABC News បានរាយការណ៍ថា វានៅមិនទាន់ច្បាស់ថា ការកាត់បន្ថយថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច ឬថាតើការកាត់បន្ថយយ៉ាងខ្លាំងអំឡុងពេលមានសង្គ្រាមបែបនេះ នឹងរំខានដល់ប្រតិបត្តិការយោធាប្រចាំថ្ងៃដែរឬទេ៕

