FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

NATO ថ្កោលទោស វោហារសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៊ី បន្ទាប់ពីការព្រមានជុំវិញតំបន់ Kaliningrad

30-09-2026 13:19

(ព្រុចសែល)៖ អង្គការ NATO កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានថ្កោលទោស វោហារសាស្ត្រនុយក្លេអ៊ែរគ្មានការទទួលខុសត្រូវរបស់រុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានព្រមានថា ខ្លួននឹងដាក់ពង្រាយអាវុធទាំងអស់របស់ខ្លួន ប្រសិនបើបក្សសម្ព័ន្ធយោធានេះ គំរាមកំហែងដល់តំបន់ Kaliningrad ដែលជាទឹកដីរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យ NATO លោកស្រី Allison Hart បាននិយាយដូច្នេះថា «រុស្ស៊ីបានផ្ញើលិខិតមិនផ្លូវការមួយមកកាន់ NATO ហើយយើងក៏បានផ្ញើចម្លើយតបទៅវិញដែរ ដោយបញ្ជាក់ថា NATO គឺជាសម្ព័ន្ធមិត្តដែលមានគោលបំណងការពារខ្លួនតែប៉ុណ្ណោះ ហើយសកម្មភាពឬសមយុទ្ធណាមួយរបស់យើង មិនបង្កហានិភ័យដល់ផ្នែកណាមួយនៃប្រទេសរុស្ស៊ីឡើយ»។ លោកស្រីបានបន្ថែមថា «យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការគំរាមប្រើកម្លាំង រួមទាំងវោហារសាស្ត្រនុយក្លេអ៊ែរដែលគ្មានការទទួលខុសត្រូវ។ យើងអំពាវនាវឱ្យរុស្ស៊ី បញ្ចប់សង្គ្រាមដែលខ្លួនបានចាប់ផ្តើមទាំងគ្មានការបង្កហេតុ នៅអ៊ុយក្រែន»។

សេចក្តីថ្លែងការណ៍របស់ NATO ធ្វើឡើង បន្ទាប់ពីស្ថានទូតរុស្ស៊ីប្រចាំប្រទេសបែលហ្ស៊ិក បាននិយាយថា ខ្លួនបានទាក់ទងទៅកាន់ បក្សសម្ព័ន្ធយោធានេះ ដើម្បីតវ៉ាចំពោះ សេចក្តីថ្លែងការណ៍ និងសកម្មភាពបង្កហេតុរបស់ថ្នាក់ដឹកនាំ NATO និងបណ្តារដ្ឋជាសមាជិក ពាក់ព័ន្ធនឹងតំបន់ Kaliningrad។ Kaliningrad ជាតំបន់របស់រុស្ស៉ី ដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសប៉ូឡូញ និងលីទុយអានី។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា «យើងធ្លាប់បានព្រមានរួចហើយថា ដំណើរដែលប្រកបដោយភាពធ្វេសប្រហែស និងគ្មានការទទួលខុសត្រូវបែបនេះ កំពុងបង្កើនហានិភ័យយ៉ាងខ្លាំង នៃលទ្ធភាពផ្ទុះជម្លោះប្រដាប់អាវុធដោយផ្ទាល់ ជាមួយប្រទេសរបស់យើង»។ ស្ថានទូតរុស្ស៉ីបានបន្ថែមថា «យើងបានសង្កត់ធ្ងន់ថា រុស្ស៊ីមានមធ្យោបាយចាំបាច់ ដើម្បីទប់ទល់នឹងការឈ្លានពានដែលអាចកើតមាន ហើយត្រៀមខ្លួនដាក់ពង្រាយ ឃ្លាំងអាវុធទាំងមូលរបស់ខ្លួន ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើប្រទេស NATO ព្យាយាមផ្តាច់តំបន់ Kaliningrad ចេញពីផ្នែកដទៃទៀតនៃប្រទេសរបស់យើង»។

លោកស្រី Hart បានលើកឡើងថា «ការប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមកូនកាត់របស់រុស្ស៊ី គឺជាសញ្ញានៃភាពអស់សង្ឃឹម។ ប៉ុន្តែពួកយើងនឹងមិនបោះបង់ការគាំទ្ររបស់យើង ចំពោះអ៊ុយក្រែនឡើយ»។ លោកស្រីបន្តថា «យើងមានសមត្ថភាពចាំបាច់ ដើម្បីការពាររាល់ទីតាំងនៃទឹកដីសម្ព័ន្ធមិត្តយើង ហើយនៅតែរឹងមាំ ត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពទប់ទល់ ការគំរាមកំហែងនានា»។

គួរបញ្ជាក់ថា ការព្រមានពីទីក្រុងមូស្គូ កើតមានឡើងចំពេលដែល NATO បានចោទប្រកាន់វិមានក្រឹមឡាំងថា កំពុងបង្កើនយុទ្ធនាការបង្កការខូចខាត និងការជ្រៀតជ្រែក ប្រឆាំងនឹងប្រទេសទាំងឡាយ ដែលគាំទ្រអ៊ុយក្រែន ក្នុងគោលបំណងធ្វើឱ្យប្រទេសទាំងនោះ បញ្ឈប់ការគាំទ្រដល់ទីក្រុងកៀវ។ ទំនាក់ទំនងរវាងរុស្ស៊ី និង NATO ត្រូវបានកាត់ផ្តាច់ស្ទើរទាំងស្រុង ចាប់តាំងពីទីក្រុងមូស្គូបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕