FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉េកាំងប្តេជ្ញាឆ្លើយតប ប្រសិនបើសហភាពអឺរ៉ុប បន្តកំណត់គោលដៅលើពាណិជ្ជកម្មចិន (Video inside)

30-09-2026 11:48

(ប៉េកាំង)៖ យោងតាមក្រសួងពាណិជ្ជកម្មចិន ប្រទេសចិននឹងដាក់ចេញនូវ «វិធានការតបតយ៉ាងម៉ឺងម៉ាត់» មួយ ដើម្បីការពារវិស័យឧស្សាហកម្ម ប្រសិនបើសហភាពអឺរ៉ុប (EU) បន្តអនុវត្តវិធានការរឹតត្បិតប្រឆាំងក្រុមហ៊ុន ឬផលិតផលរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងពាណិជ្ជកម្មចិន សំដៅទៅលើសេចក្តីព្រាងឯកសាររួមមួយ ដែលត្រូវបានរាយការណ៍ថាបានតាក់តែងឡើង ដោយប្រទេសសមាជិក EU មួយចំនួន ដើម្បីជំរុញឱ្យមានយន្តការដោះស្រាយបញ្ហាពាណិជ្ជកម្មមិនស្មើភាព និងចាត់វិធានការបន្ថែមទៀតប្រឆាំងប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិន គូសបញ្ជាក់ថា «វិធានការរបស់ EU ជាការប្រកាន់យកគោលនយោបាយគាំពារនិយម និងជាការសម្រេចចិត្តដោយឯកតោភាគី»។ ក្រសួងបានព្រមានថា «ប្រសិនបើភាគីអឺរ៉ុបចូលរួមក្នុងការចរចា និងពិគ្រោះយោបល់ជាមួយចិន ស្របពេលបង្កើនសម្ពាធលើចិននោះ វានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តទៅវិញទៅមក និងរំខានដល់ដំណើរការនៃការពិគ្រោះយោបល់ទាំងមូល»។

បើតាមកាសែត Global Times ដកស្រង់សម្តីអ្នកសង្កេតការណ៍ចិនម្នាក់ដោយមិនបញ្ចេញឈ្មោះ ចិនអាចឆ្លើយតបដោយការប្រើប្រាស់វិធានការគោលនយោបាយជាកញ្ចប់ ដែលរួមមានការស៉ើបអង្កេតលើការរើសអើង និងការស៉ើបអង្កេតផ្នែកសន្តិសុខ ពាក់ព័ន្ធខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងអាចពិនិត្យមើលផលប៉ះពាល់នៃប្រាក់ឧបត្ថម្ភធនពីបរទេសផងដែរ៕