អ៉ីរ៉ង់គំរាមវាយប្រហារសាជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់មជ្ឈិមបូព៌ា (Video inside)
30-09-2026 10:12
(តេហេរ៉ង់)៖ អ៉ីរ៉ង់ នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានគំរាមបើកការវាយប្រហារសាជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលនេះជាការបង្កើនវោហាសាស្ត្រ ខណៈកំពុងរង់ចាំចម្លើយផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ជុំវិញផែនការថ្មីមួយដើម្បីបើកច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលសំណើរបស់អ៉ីរ៉ង់រួចទៅហើយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថារូបលោកនៅតែរំពឹងការឆ្លើយតបជាផ្លូវការពីក្រុមមន្ត្រីអាមេរិកក្នុងរយៈពេលមួយថ្ងៃ។ ការវាយប្រហារដាក់គ្នាហាក់មានសភាពស្ងប់ស្ងាត់ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បើទោះជាមានសេចក្ដីរាយការណ៍ថាតេហេរ៉ង់នៅតែ បន្តវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងច្រកសមុទ្រ Hormuz ខណៈសហរដ្ឋអាមេរិកបានងាកទៅប្រើប្រាស់ការបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជំនួសឱ្យការបង្កើនការធ្វើសកម្មភាព យោធាប្រឆាំងតេហេរ៉ង់។
លោក Mohammad Bagher Ghalibaf ជាប្រធានក្រុមអ្នកចរចាអ៉ីរ៉ង់ បានគំរាមកាលពីថ្ងៃអង្គារថាអ៉ីរ៉ង់អាចនឹងបើកការវាយប្រហារសាជាថ្មី ហើយថាគ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយ នៅក្នុងតំបន់អាចគេចផុតពីដៃអ៉ីរ៉ង់បាននោះទេ ក្នុងករណីដែលសន្តិសុខរបស់តេហេរ៉ង់រងការគំរាមកំហែង ឬមិនត្រូវបានធានា។ «នៅក្នុងតំបន់មួយដែលយើងមិនអាចនាំប្រេងចេញយក ទៅលក់ អ្នកផ្សេងក៏មិនអាចលក់បានដូចគ្នាដែរ ហើយប្រសិនបើសន្តិសុខរបស់យើងរងការគំរាមកំហែង ឬមិនត្រូវបានធានា នោះហេដ្ឋារចនាសម្ព័ន្ធទាំងឡាយក្នុងតំបន់ក៏មិនអាចមាន សុវត្ថិភាពនោះដែរ»។ នេះជាការគំរាមរបស់លោក Ghalibaf ដែលមានតំណែងជាប្រធានរដ្ឋសភាផងនោះ ក្នុងវីដេអូមួយចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់។
គួរបញ្ជាក់ថា អ៉ីរ៉ង់នៅតែបន្តរក្សាការបិទខ្ទប់លើកប៉ាល់ពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីសង្រ្គាមដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈដោយសារតែ ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់។ ព្រមពេលជាមួយគ្នា យោធាអាមេរិកក៏កំពុងអនុវត្តការបិទខ្ទប់មិនឱ្យកប៉ាល់ចេញចូលកំពង់ផែអ៉ីរ៉ង់ផងដែរ ជាមួយការដាក់ចេញយុទ្ធនាការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចលើអ៉ីរ៉ង់៕
