FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចេញលិខិតចំហផ្ញើជូនពលរដ្ឋអាមេរិក អំពាវនាវកុំឱ្យគាំទ្រគោលនយោបាយរបស់លោក ត្រាំ

29-09-2026 21:16

(ឌូបៃ)៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)នៅថ្ងៃអង្គារ បានចេញលិខិតចំហមួយផ្ញើជូនប្រជាជនអាមេរិក ដោយអំពាវនាវដល់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ឱ្យទាត់ចោលគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ និងទទួលយកការរួមរស់ជាមួយគ្នាដោយសន្តិវិធី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

លិខិតចំហកម្រាស់ ២៥ ទំព័រនេះ បានជំរុញឱ្យពលរដ្ឋអាមេរិកងើបឡើងប្រឆាំងនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែល និងការធ្វើសង្គ្រាមនៅក្រៅប្រទេស ព្រមទាំងលើកឡើងថា អ៊ីរ៉ង់ និងអាមេរិក អាចរស់នៅជាមួយគ្នាដោយសន្តិភាពបាន ប្រសិនបើវ៉ាស៊ីនតោនព្រមផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន។ ទន្ទឹមនឹងនេះ លិខិតខាងលើក៏បានចោទប្រកាន់លោក ត្រាំ ថាបានបិទបាំងការពិតជុំវិញកម្មវិធីនុយក្លេអ៊ែរសន្តិវិធីរបស់អ៊ីរ៉ង់ និងប្រសិទ្ធភាពនៃការបិទខ្ទប់ការដឹកជញ្ជូនប្រេងនៅឈូងសមុទ្រពែក្សរបស់ក្រុងតេអេរ៉ង់។

អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក ហូសេន ម៉ូហេប៊ី (Hossein Mohebbi) បានប្រាប់អ្នកសារព័ត៌មានថា លោកមិនរំពឹងថាលិខិតនេះអាចផ្លាស់ប្តូរជំហររបស់រដ្ឋបាលលោក ត្រាំ ក្នុងរយៈពេល ៥ សប្តាហ៍មុនការបោះឆ្នោតនោះទេ ប៉ុន្តែសង្ឃឹមថាម្ចាស់ឆ្នោតអាមេរិកអាចនឹងឮសារមួយនេះ ដោយលោកបញ្ជាក់ថា៖ «ប្រជាជនអាមេរិកមិនបានដឹងច្បាស់ពីការវិវត្តនៃស្ថានការណ៍ជាច្រើនឡើយ។ យើងជឿថា ប្រសិនបើពួកគេបានដឹងកាន់តែច្រើន ពួកគេនឹងគិតខុសពីមុន ហើយនឹងធ្វើការសម្រេចចិត្តផ្សេង» ៕