FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូង ថាករណីផ្ទុះមីនកូរ៉េខាងជើង បង្កឱ្យទាហានខ្លួនរងរបួសនៅតំបន់ DMZ បំពានបទឈប់បាញ់សង្រ្គាមកូរ៉េ ដូច្នេះនឹងចាត់វិធានការឆ្លើយតប (Video inside)

29-09-2026 16:38

(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ថា គ្រាប់មីនរបស់កូរ៉េខាងជើង បានបង្កការផ្ទុះកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យទាហានកូរ៉េខាងត្បូង៣នាក់រងរបួស នៅតំបន់ព្រំប្រទល់ DMZ ខណៈករណីនោះ ស្មើនឹងរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់សង្គ្រាមកូរ៉េ និងតម្រូវឱ្យកូរ៉េខាងត្បូង ចាត់វិធានការឆ្លើយតបវិញ ចំពោះទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិ លោក Kang Shin-chul បានប្រាប់គណៈកម្មាធិការសភាកូរ៉េខាងត្បូងថា មីននោះគឺជាមីនរបស់កូរ៉េខាងជើង ហើយទំនងជាត្រូវបានដាក់បង្កប់នៅតំបន់ខាងលើ ដើម្បីជាផ្នែកមួយនៃការពង្រឹងព្រំដែនរបស់កូរ៉េខាងជើង នៅក្បែរខ្សែបន្ទាត់ MDL ដែលខណ្ឌចែកតំបន់ទ្រនាប់ DMZ។

លោក Kang បាននិយាយដូច្នេះថា «ការទទួលខុសត្រូវគឺស្ថិតនៅលើកូរ៉េខាងជើង ដូច្នេះយើងនឹងចាត់វិធានការឆ្លើយតបដែលសមស្រប»។ លោកបានបន្ថែមថា យោធាមានជម្រើសជាច្រើនសម្រាប់ការឆ្លើយតប ហើយនឹងអនុវត្តជាដំណាក់កាល ប៉ុន្តែលោកបានបដិសេធ មិនបញ្ជាក់លម្អិតទេ។ លោក Kang បានបន្ថែមថា ចំណុចដែលកំពុងពិនិត្យសំខាន់គឺសំណួរថា តើកូរ៉េខាងជើងបានដាក់មីនទាំងនោះ ដោយដឹងច្បាស់ថា ទាហានកូរ៉េខាងត្បូងអាចចូលទៅក្នុងតំបន់នោះ ហើយរងគ្រោះថ្នាក់ ឬយ៉ាងណា។

គួរបញ្ជាក់ថា បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នាមួយ កាលពីឆ្នាំ២០១៥ ដែលទាហានកូរ៉េខាងត្បូង បានរងរបួសដោយសារមីនរបស់កូរ៉េខាងជើង ទីក្រុងសេអ៊ូល បានចាប់ផ្តើមយុទ្ធនាការចាក់ឧបករណ៍បំពងសំឡេងប្រឆាំងកូរ៉េខាងជើងឡើងវិញ នៅទូទាំងតំបន់ DMZ។ វាបានបង្កឱ្យមានការប្រឈមមុខផ្នែកយោធា ដែលបានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងកម្រិតខ្ពស់មួយរវាងកូរ៉េទាំងពីរ។

ហេតុការណ៍ផ្ទុះមីនថ្មីចុងក្រោយបង្អស់នេះ កើតឡើងស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កំពុងព្យាយាមបញ្ចុះបញ្ចូល កូរ៉េខាងជើងឱ្យត្រឡប់មករកកិច្ចសន្ទនាវិញ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសចាត់ទុក កូរ៉េខាងត្បូងជាសត្រូវចម្បង និងបានបោះបង់គោលដៅដែលធ្លាប់មានជាយូរមកហើយ ក្នុងការបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរដោយសន្តិវិធី៕