អាមេរិក នឹងដកកងទ័ពចេញទាំងស្រុងពីប្រទេសអ៉ីរ៉ាក់ បន្ទាប់ពីមានវត្តមានអស់ជាង ២ទសវត្សរ៍ (Video inside)

29-09-2026 16:03

(បាកដាដ)៖ កងកម្លាំងអាមេរិកគ្រោងដកខ្លួនចេញពីមូលដ្ឋានចុងក្រោយនៅអ៉ីរ៉ាក់ ត្រឹមថ្ងៃពុធស្អែកនេះ ជាការចាកចេញដែលត្រូវបានអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តចាត់ទុកជាជ័យជម្នះ ខណៈដែលពួកគេកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសនេះ និងជាទីដែលជនជាតិអាមេរិក ៤,៥០០នាក់ បានបាត់បង់ជីវិតអំឡុងពេលនៃសង្គ្រាមជាង ២ទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកជំនាញផ្នែកសន្តិសុខរបស់អ៉ីរ៉ាក់ បានលើកឡើងថា ការដកកងទ័ពដែលព្រមព្រៀងគ្នានៅឆ្នាំ២០២៤ អំឡុងអាណត្តិអតីតប្រធានាធិបតី ចូ បៃដិន និងត្រូវបន្តអនុវត្តដោយរដ្ឋបាលលោក ដូណាល់ ត្រាំ បើទោះបីជាកំពុងមានសង្រ្គាមជាមួយអ៉ីរ៉ង់ក៏ដោយ។ ការណ៍នេះអាចផ្តល់ឱកាសពេញលេញដល់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈដែលអាចធ្វើឱ្យសត្រូវផ្សេងទៀតរបស់សហរដ្ឋអាមេរិក រួមទាំងក្រុម ISIS ងើបឡើងវិញបាន។

អ្នកវិភាគសន្តិសុខជនជាតិអ៉ីរ៉ាក់ សិក្សាអំពីក្រុមប្រដាប់អាវុធស៉ីអ៉ីតដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់ លោក Jasim al-Bahadli​ ព្យាករណ៍ថា ក្រុមគាំទ្រអ៉ីរ៉ង់ មិនត្រឹមតែចាត់ទុកការដកកងទ័ពនេះថាជាជ័យជម្នះ សម្រាប់ចលនាប្រដាប់អាវុធរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងព្យាយាមប្រើប្រាស់ឱកាសនេះ ដើម្បីពង្រីកឥទ្ធិពលឱ្យកាន់តែខ្លាំងក្លាលើផ្នែកសន្តិសុខ និងការសម្រេចចិត្តផ្នែកនយោបាយទៀតផង។

គួរបញ្ជាក់ថា ទាហានអាមេរិកបានចូលឈ្លានពានអ៉ីរ៉ាក់ នៅឆ្នាំ២០០៣ ដើម្បីផ្ដួលរំលំមេដឹកនាំផ្តាច់ការ លោក Saddam Hussein ហើយបានបន្តកាន់កាប់ប្រទេសនេះ ដោយបង្កើតរដ្ឋាភិបាល និងដឹកនាំការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមអស់រយៈពេលជាច្រើនឆ្នាំ មុនពេលមានដកកងទ័ពចេញនាចុងឆ្នាំ២០១១។ ៣ឆ្នាំក្រោយទាហានអាមេរិកបានត្រឡប់ទៅវិញ ដើម្បីជួយកងកម្លាំងអ៉ីរ៉ាក់ កម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងសង្គ្រាមធំមួយចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ ជនជាតិអាមេរិកដែលបានស្លាប់ នៅក្នុងប្រតិបត្តិការចូលរំដោះប្រទេសអ៉ីរ៉ាក់ គឺមានចំនួនទ្វេរដង ធៀបនឹងចំនួនអ្នកស្លាប់ ក្នុងសង្គ្រាមស្រដៀងគ្នានៅអាហ្វហ្គានីស្ថាន ដែលបញ្ចប់ទៅដោយការដកកងទ័ពចេញយ៉ាងប្រផាប់ប្រភីងនាឆ្នាំ ២០២១៕