ម៉ាឡេស៉ី ចាប់ផ្តើមការបញ្ជូនពលរដ្ឋភៀសខ្លួនមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសវិញ (Video inside)
29-09-2026 15:44
(Lumut)៖ នាថ្ងៃអង្គារ ទី២៩ ខែកញ្ញានេះ ម៉ាឡេស៉ី បានចាប់ផ្តើមដំណើរការបញ្ជូនពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១,៥០០នាក់ទៅកាន់ប្រទេសកំណើត ជាផ្នែកមួយនៃកម្មវិធីបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញ ទោះជាមានការជំទាស់ពីសំណាក់អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះគឺជាដំណាក់កាលដំបូងនៃផែនការដែលបានព្រមព្រៀងជាមួយមីយ៉ាន់ម៉ា ដោយអាចឈានទៅដល់ការបញ្ជូនមនុស្សខ្ទង់ ៥,០០០នាក់ត្រឡប់ទៅវិញ។ ម៉ាឡេស៉ីបញ្ជាក់ថា កម្មវិធីនេះគឺផ្អែកលើការស្ម័គ្រចិត្តទាំងស្រុង ប៉ុន្តែទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៉ីវិលនានា បានបង្ហាញក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកដែលត្រូវបញ្ជូនទៅវិញ ខណៈមីយ៉ាន់ម៉ានៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមស៉ីវិល។
នៅព្រឹកថ្ងៃអង្គារ រថយន្តក្រុងជាច្រើនគ្រឿងអមដោយរថយន្តសន្តិសុខ បានទៅដល់ពហុកីឡដ្ឋានមួយកន្លែង ក្បែរមូលដ្ឋានទ័ពជើងទឹក Lumut ក្នុងរដ្ឋ Perak ប្រទេសម៉ាឡេស៉ី មុនពេលបន្តទៅកាន់កំពង់ផែ ជាទីតាំងមាននាវាចម្បាំងរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ា ២គ្រឿង និងនាវាពេទ្យមួយគ្រឿងចតរង់ចាំរួចជាស្រេច។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ក្រសួងការបរទេសមីយ៉ាន់ម៉ា នៅក្នុងខែនេះបានឱ្យដឹងថា ខ្លួនកំពុងសហការជាមួយប្រទេសនានា ដើម្បីសម្រួលដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន ក្នុងលក្ខណៈប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕


