FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រ៉ុក្កែត Starship របស់ SpaceX ហោះដល់គន្លងតារាវិថីជាលើកដំបូង និងបង្ហោះផ្កាយរណប Starlink ដោយជោគជ័យ

28-09-2026 21:48

(តិចសាស់)៖ រ៉ុក្កែតជំនាន់ថ្មី Starship របស់ក្រុមហ៊ុន SpaceX បានហោះទៅដល់គន្លងតារាវិថីជាលើកដំបូង នៅថ្ងៃចន្ទនេះ ទោះបីជាមានបញ្ហារលត់ម៉ាស៊ីនមួយនៅពាក់កណ្ដាលផ្លូវក៏ដោយ ព្រមទាំងបានបង្ហោះផ្កាយរណប Starlink ជំនាន់ថ្មីដំបូងគេបង្អស់ដោយជោគជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

រ៉ុក្កែតគ្មានមនុស្សបើកកម្ពស់ប្រហាក់ប្រហែលអគារ ៤០ ជាន់នេះ មានបំពាក់ជន្ទល់រុញ Super Heavy នៅខាងក្រោម និងយាន Starship នៅខាងលើ ដោយបានបាញ់បង្ហោះចេញពីមូលដ្ឋាន Starbase របស់ SpaceX ក្នុងរដ្ឋតិចសាស់។ បន្ទាប់ពីរុញយាន Starship ទៅកាន់លំហអាកាស ផ្នែក Super Heavy បានផ្ដាច់ខ្លួនរួចចុះចតលើផ្ទៃទឹកសមុទ្រដោយរលូន ក្រោយពីធ្លាប់ធ្លាក់ខូចខាតកាលពី ២ លើកមុន។

ពេលទៅដល់លំហអាកាស ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនចម្បងទាំង ៣ របស់ Starship បានរលត់មុនពេលកំណត់ ដែលធ្វើឱ្យអ្នកនាំពាក្យ SpaceX លោក Dan Huot ប្រកាសក្នុងការផ្សាយផ្ទាល់ថា យាននេះមិនអាចទៅដល់គន្លងតារាវិថីបានឡើយ ដោយលោកបញ្ជាក់ថា៖ «ក្រុមការងារបានសម្រេចចិត្តមិនបន្តដំណើរទៅកាន់គន្លងតារាវិថីទេ»។

ប៉ុន្តែប៉ុន្មាននាទីក្រោយមក ក្រុមវិស្វករបានរកឃើញថា យាននៅតែអាចបញ្ឆេះម៉ាស៊ីនរុញខ្លួនចូលគន្លងតារាវិថីបាន ហើយ Starship ក៏បានធ្វើរឿងនេះដោយជោគជ័យ។ ពេលទៅដល់គន្លងតារាវិថីក្នុងកម្ពស់ប្រមាណ ២៦៩ គីឡូម៉ែត្រ យាន Starship បានបញ្ចេញផ្កាយរណប Starlink ជំនាន់ថ្មីចំនួន ២៦ គ្រឿងម្តងមួយៗ។

តាមគម្រោង យាន Starship ត្រូវហោះជុំវិញផែនដី ៦ ជុំ ក្នុងរយៈពេល ១០ ម៉ោង ដែលជាបេសកកម្មយូរបំផុតមិនធ្លាប់មាន មុនពេលធ្លាក់ចុះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសស៊ីលី។ យាននេះផលិតឡើងដើម្បីបង្កើនការបង្ហោះផ្កាយរណប Starlink ឱ្យបានញឹកញាប់ជាងមុន និងសម្រាប់បេសកកម្មទៅកាន់ឋានព្រះច័ន្ទរបស់អង្គការ NASA។

គួរបញ្ជាក់ថា ការហោះដល់គន្លងតារាវិថី គឺជាជោគជ័យដ៏សំខាន់ដែល SpaceX ទន្ទឹងរង់ចាំជាយូរមកហើយ បន្ទាប់ពីការសាកល្បងទាំង ១៣ លើកកន្លងមក មិនដែលទៅដល់គន្លងតារាវិថីឡើយ។ គម្រោងអភិវឌ្ឍន៍ Starship រយៈពេលជិត ១០ ឆ្នាំមកនេះ បានចំណាយអស់ជាង ១៥ ពាន់លានដុល្លារ ខណៈលោក Elon Musk មានបំណងបាញ់បង្ហោះរ៉ុក្កែតប្រភេទនេះរាប់រយ ឬរាប់ពាន់គ្រឿងក្នុងមួយឆ្នាំ នាពេលអនាគត៕