FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស ៧នាក់ស្លាប់ និង ៤០នាក់របួស ក្នុងការវាយប្រហារលើផ្សារមួយកន្លែង នៅខេត្ត Taiz នៃប្រទេសយេម៉ែន

27-09-2026 19:50

(តាអ៉ីស)៖ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់បាត់បង់ជីវិត និង ៤០នាក់ផ្សេងទៀតបានរងរបួស រួមទាំងកុមារផងដែរ នៅក្នុងការវាយប្រហារលើបណ្តាហាងលក់ទំនិញនៅផ្សារមួយកន្លែង ត្រង់ចំណុចប្រសព្វ Mawiya ក្នុងខេត្ត Taiz កាលពីថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោយកើតហេតុ រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយអន្តរជាតិ បានប្រកាសថាកងទ័ពរបស់ខ្លួនបានកំណត់គោលដៅវាយប្រហារលើយានយន្ត និងមូលដ្ឋានទ័ពរបស់ក្រុមហ៊ូទី នៅត្រង់ចំណុចប្រសព្វដដែលនោះ។ ទន្ទឹមនឹងនេះ ប្រភពពីកងទ័ពយេម៉ែនចំនួន ៣រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាក្រុមសកម្មប្រយុទ្ធហ៊ូទី នាពេលថ្មីៗនេះបានបង្កើតបន្ទាយទ័ពមួយកន្លែងនៅក្បែរផ្សារនោះ។

គួរបញ្ជាក់ថា ខេត្ត Taiz គឺជាសមរភូមិជួរមុខដ៏ក្តៅគគុកមួយនៅក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅប្រទេសយេម៉ែន រវាងកងទ័ពរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូទីដែលមានខ្នងបង្អែកពីអ៉ីរ៉ង់ ខណៈដែលការប្រយុទ្ធគ្នា និងការវាយប្រហារតាមអាកាសនៅតែបន្តបង្កការគំរាមកំហែង និងការបាត់បង់អាយុជីវិតរបស់ជនស៊ីវិលយ៉ាងច្រើន៕