FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិន ថាមានការឯកភាពគ្នាកាត់បន្ថយពន្ធ ៣០ពាន់លានដុល្លារ និងបង្កេីតកិច្ចសន្ទនាជុំវិញវិស័យ AI អំឡុងដំណេីរទស្សនកិច្ចរបស់លោក ស៉ី ជិនពីង នៅសហរដ្ឋអាមេរិក

26-09-2026 18:43

(ប៉េកាំ)៖ ក្រសួងការបរទេសចិន បានឱ្យដឹងថា ចិន និងសហរដ្ឋអាមេរិកបានឯកភាពគ្នាកាត់បន្ថយពន្ធគយបដិការក្នុងទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ និងចាប់ផ្តើមការសន្ទនាគ្នាអំពីបញ្ញាសិប្បនិម្មិត (AI) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរួមដែលមានចំណុចសំខាន់ៗចំនួន៨ ដែលសម្រេចបានអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងការបរទេសចិន បានឱ្យដឹងទៀតថា មេដឹកនាំទាំងពីរបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្នែកសេដ្ឋកិច្ច និងបានគាំទ្រវិធានការនានា រួមមានការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម ការរៀបចំកាត់បន្ថយពន្ធគយ និងការបន្តអនុវត្តលទ្ធផលដែលទទួលបានពីកិច្ចពិភាក្សាមុនៗនៅទីក្រុងគូឡាឡាំពួរ។

ពាក់ព័ន្ធវិស័យ AI មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើតកិច្ចសន្ទនាមួយដើម្បីពិភាក្សាអំពីហានិភ័យ និងអត្ថប្រយោជន៍នៃបច្ចេកវិទ្យានេះ ដោយជុំបន្ទាប់គ្រោងធ្វើឡើងនៅខែវិច្ឆិកា ព្រមទាំងបានឯកភាពបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ករណីផ្សេងៗដែលពាក់ព័ន្ធនឹង AI ផងដែរ។

មេដឹកនាំទាំងពីរក៏បានគាំទ្រទៅវិញទៅមក សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) និងកិច្ចប្រជុំកំពូល G20 ដោយថែមទាំងបានបង្ហាញពីបំណងចង់ចូលរួមក្នុងកិច្ចប្រជុំដែលភាគីម្ខាងទៀតធ្វើជាម្ចាស់ផ្ទះនោះទៀតផង។

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីររបស់ពិភពលោក បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ ដែលផ្តោតលើការទូតផ្ទាល់ខ្លួនជាជាងការសម្រេចបាននូវលទ្ធផលធំដុំជាសាធារណៈ។ តាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៉ី បានធ្វើដំណើរត្រឡប់ទៅដល់ទីក្រុងប៉េកាំងវិញហើយ៕