មន្ត្រីតៃវ៉ាន់ ថាការផ្តល់អាវុធដល់ដែនកោះនេះ ជាផលប្រយោជន៍សំខាន់របស់អាមេរិក បន្ទាប់ពីជំនួបកំពូល ត្រាំ-ស៉ី (Video inside)
26-09-2026 14:44
(តៃប៉ិ)៖ មន្រ្តីការទូតជាន់ខ្ពស់មួយរូបរបស់តៃវ៉ាន់ បាននិយាយនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថាការដែលសហរដ្ឋអាមេរិកផ្តល់អាវុធដល់តៃវ៉ាន់ ដើម្បីការពារសេរីភាពរបស់ខ្លួន និងដើម្បីផ្គត់ផ្គង់បន្ទះឈីបដល់ពិភពលោក គឺជាផលប្រយោជន៍ជាតិរបស់អាមេរិក បន្ទាប់ពីជំនួបកំពូលរវាងប្រធានាធិបតីចិន និងអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទើបតែបានបិទបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃ កាលពីថ្ងៃសុក្រ ដោយមិនមានការប្រកាសអំពីវឌ្ឍនភាពធំៗជាសាធារណៈ លើបញ្ហាចម្រូងចម្រាសជាច្រើននោះឡើយ រួមទាំងបញ្ហាតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ លោក ស៉ី បានប្រាប់លោក ត្រាំ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា អាមេរិកនឹងប្រកាន់ខ្ជាប់នូវ «ជំហរត្រឹមត្រូវ» ក្នុងការប្រឆាំងនឹងឯករាជ្យភាពតៃវ៉ាន់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ អនុរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Francois Wu បានដាក់ជាសំណួរថា តើការធ្វើសម្បទានចំពោះបញ្ហាតៃវ៉ាន់ ពិតជាបម្រើផលប្រយោជន៍របស់អាមេរិក ឬយ៉ាងណា។ លោក Wu បាននិយាយថា ការបន្តលក់អាវុធ ការផ្តល់សមត្ថភាពគ្រប់គ្រាន់ ឱ្យតៃវ៉ាន់អាចការពារខ្លួន ដើម្បីកុំឱ្យដែនកោះនេះត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ចិន និងអនុញ្ញាតឱ្យឧស្សាហកម្មបន្ទះឈីប semiconductor របស់តៃវ៉ាន់ បន្តរួមចំណែកដល់ពិភពលោក គឺជាផលប្រយោជន៍សំខាន់របស់អាមេរិក។ តៃវ៉ាន់ ដែលរដ្ឋាភិបាលរបស់ខ្លួន ទាត់ចោលការទាមទារអធិបតេយ្យរបស់ទីក្រុងប៉េកាំង គឺជាអ្នកផលិតធំជាងគេ នៃបន្ទះឈីបកម្រិតខ្ពស់ ដែលកំពុងគាំទ្របដិវត្តន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
កាលពីខែឧសភា ក្រោយជួបលោក ស៉ី ជីនពីង នៅទីក្រុងប៉េកាំង លោក ត្រាំ ធ្លាប់បាននិយាយថា រូបលោកបានផ្អាកកញ្ចប់លក់អាវុធមួយទៅឱ្យតៃវ៉ាន់ ប៉ុន្តែឥឡូវនេះមិនទាន់បានធ្វើការអត្ថាធិប្បាយណាមួយអំពីតៃវ៉ាន់ ឬបង្ហាញថា លោកនឹងធ្វើយ៉ាងណាចំពោះកញ្ចប់លក់អាវុធ ដែលកំពុងរង់ចាំការសម្រេចនោះទេ បន្ទាប់ពីជំនួបនៅទីក្រុងវ៉ាស៊ីនតោន។ លោក Wu បាននិយាយថា រដ្ឋាភិបាលតៃវ៉ាន់បានរក្សាការទាក់ទងជាប់ ជាមួយទីក្រុងវ៉ាស៊ីនតោនអំពីជំនួបកំពូលនេះ។
គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលលោក ត្រាំ បានអនុម័តការលក់អាវុធតម្លៃ ១១ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់ ដែលជាកញ្ចប់លក់អាវុធធំបំផុតមិនធ្លាប់មាន ហើយកញ្ចប់មួយទៀតទី២ មានទំហំកាន់តែធំ គឺប្រមាណ១៤ពាន់លានដុល្លារ។ ចំពោះសំណួរថា តើការសម្រេចលើកញ្ចប់ទី២នេះ អាចត្រូវពន្យារពេលបន្ថែមទៀត ឬយ៉ាងណា ដ្បិតលោក ស៉ី និងលោក ត្រាំ ត្រូវបានរំពឹងថា នឹងជួបគ្នាពីរលើកទៀតក្នុងឆ្នាំនេះ នៅកិច្ចប្រជុំកំពូល APEC និង G20 លោក Wu បាននិយាយថា រដ្ឋាភិបាលតៃវ៉ាន់ត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់។ ដោយឡែក នាថ្ងៃសៅរ៍នេះ កាសែតរដ្ឋចិន People's Daily បានរំលឹកជាថ្មីក្នុងបទអត្ថាធិប្បាយមួយថា តៃវ៉ាន់គឺជា «ស្នូលដ៏សំខាន់បំផុតនៃផលប្រយោជន៍ស្នូលនានារបស់ប្រទេសចិន និងជាបន្ទាត់ក្រហមដំបូង ដែលមិនអាចបំពានបានដាច់ខាត ក្នុងទំនាក់ទំនងចិន-អាមេរិក»៕



