រាជធានីបាងកករបស់ថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់ នៅទូទាំងទីក្រុង (Video inside)
26-09-2026 14:00
(បាងកក)៖ អាជ្ញាធរទីក្រុងបាងកកនៃប្រទេស នាថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសអាសន្ននៅទូទាំងខណ្ឌចំនួន៥០ បន្ទាប់ពីភ្លៀងធ្លាក់ជាប់គ្នា បានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ។ ការប្រកាសនេះ ផ្តល់សិទ្ធិដល់អង្គភាពតាមមូលដ្ឋាន ចាត់វិធានកាចាំបាច់បន្ទាន់នានា ដើម្បីដោះស្រាយស្ថានការណ៍ ហើយធ្វើឡើងបន្ទាប់ពីអភិបាលក្រុង បាននិយាយថា បរិមាណទឹកភ្លៀងជិត៣០០មីលីម៉ែត្រ បានធ្លាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ពលរដ្ឋថៃម្នាក់ឈ្មោះ Somkid Pheuk-ngam អាយុ៦៧ ឆ្នាំ ជាអ្នកលក់ដូរដែលរស់នៅក្បែរប្រឡាយមួយ នៅភាគខាងជើងនៃទីប្រជុំទីក្រុងបាងកក បាននិយាយដូច្នេះថា «ទឹកនៅតែបន្តឡើង។ ឥឡូវនេះពិបាកចេញទៅក្រៅណាស់។ ទឹកឡើងដល់ចង្កេះខ្ញុំហើយ។ ខ្ញុំមិនអាចចេញទៅណាបានទេ។ ខ្ញុំបានបិទហាងអស់រយៈពេលពីរថ្ងៃហើយ»។ ពលរដ្ឋថៃម្នាក់នោះ បានបន្ថែមថា «ទោះបីជាតំបន់របស់ខ្ញុំ តែងជួបទឹកជំនន់ញឹកញាប់ក៏ដោយ «ខ្ញុំគិតថា លើកនេះហាក់ធ្ងន់ធ្ងរជាងទឹកជំនន់ កាលឆ្នាំ២០១១ទៅទៀត»។ អ្នកយកព័ត៌មាន AFP បានមើលឃើញផ្ទាល់ថា ភ្លៀងបានធ្លាក់ស្ទើរតែមិនឈប់សោះ គិតចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យផ្លូវជាច្រើនជន់លិច ហើយទឹកក្នុងប្រឡាយនានារបស់បាងកកឡើងខ្ពស់ខ្លាំង រហូតច្រាលហូរចូលលំនៅដ្ឋាន និងអាជីវកម្មជាច្រើនកន្លែង ដែលស្ថិតនៅតាមដងប្រឡាយ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា តំបន់ភាគខាងកើតនៃទីក្រុង កំពុងរងផលប៉ះពាល់ខ្លាំងជាងគេ ហើយបានព្រមានថា ភ្លៀងត្រូវបានព្យាករនឹងធ្លាក់បន្ថែមទៀត។ លោកបានសរសេរនៅលើបណ្តាញសង្គមដូច្នេះថា «ភ្លៀងនៅតែបន្តធ្លាក់ ហើយយើងកំពុងធ្វើការអស់ពីសមត្ថភាព។ យើងកំពុងព្យាយាមបូមទឹកចេញ ប៉ុន្តែប្រឡាយពេញទឹកអស់ហើយ»។ លោកបានបន្ថែមថា «តំបន់ដែលមានហានិភ័យខ្ពស់ គឺតំបន់ដែលប្រជាជនរស់នៅក្បែរប្រឡាយទឹក។ ឥឡូវនេះប្រឡាយគ្រប់ទីកន្លែងពេញទឹកទាំងអស់» ហើយលោក បានអំពាវនាវឱ្យប្រជាជនយករថយន្តទៅទុកនៅទីខ្ពស់ៗ។ លោក Chadchart ក៏បានណែនាំឱ្យអ្នកជំងឺទាំងឡាយ ដែលត្រូវសម្រាកជាប់នៅលើគ្រែ ហើយពឹងផ្អែកលើឧបករណ៍វេជ្ជសាស្ត្រសង្រ្គោះជីវិត ពិចារណាទៅស្នាក់នៅមន្ទីរពេទ្យជាបណ្តោះអាសន្ន ផងដែរ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយទឹកជំនន់ នៅទូទាំងប្រទេសថៃ កាលពីក្នុងឆ្នាំ២០១១ បានសម្លាប់មនុស្សជាង៥០០នាក់ និងបង្កការខូចខាតដល់ ផ្ទះសម្បែងរាប់លានខ្នង៕









