លោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយាអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយលោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយា
25-09-2026 15:04
(ប៉េកាំង)៖ កាលពីរាត្រីថ្ងៃទី ២៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋដែលរៀបចំដោយលោក Donald Trump ប្រធានាធិបតីអាមេរិកនិងលោកស្រី Melania Trump ជាភរិយា ។ នៅពេលដែលលោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយា បានអញ្ជើញទៅដល់សេតវិមាន លោកប្រធានាធិបតី Donald Trump និងលោកស្រី Melania Trump ជាភរិយាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយបានថតរូបជុំគ្នានិងជួបជាមួយភ្ញៀវដែលចូលរួមក្នុងពិធីនេះ ។ ក្នុងពិធីលៀងសាយភោជន៍ លោក Xi Jinping និងលោក Trump បានថ្លែងសុន្ទរកថារៀងៗខ្លួន ។
លោក Xi Jinping បានថ្លែងសុន្ទរកថាយ៉ាងដូច្នេះថា សូមថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Trump និងលោកស្រី Melania ជាភរិយាដែលបានរៀបចំពិធីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការរៀបចំចាត់ចែងយ៉ាងយកចិត្តទុកដាក់ចំពោះខ្ញុំនិងភរិយារបស់ខ្ញុំ ធ្វើឱ្យយើងខ្ញុំមានអារម្មណ៍ដូចនៅផ្ទះ ។ នៅទីនេះ ខ្ញុំសូមសម្តែងការសួរសុខទុក្ខយ៉ាងស្មោះអស់ពីដូងចិត្តចំពោះឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានរបស់អាមេរិកដែលយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក! ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នារីករាយក្នុងពិធីបុណ្យសែនព្រះខែនិងការជួបជុំគ្រួសារដ៏រីករាយ!
នៅខែឧសភា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់ខ្ញុំ លោក Trump ប្រធានាធិបតីអាមេរិកបានធ្វើទស្សនកិច្ចនៅប្រទេសចិន ដោយជោគជ័យ ហើយយើងទាំងពីរបានឯកភាពក សាងទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងប្រទេសចិន និងសហរដ្ឋអាមេរិក ។ នៅពេលនោះ លោកប្រធានាធិបតី Trump បានអញ្ជើញខ្ញុំយ៉ាងកក់ក្តៅឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយឥឡូវនេះ ខ្ញុំបានមកដល់អាមេរិកតាមការណាត់ ។ ក្នុងរយៈពេលតិចជាង ៦ ខែ ប្រមុខរដ្ឋនៃប្រទេសចិននិងសហរដ្ឋអាមេរិកសម្រេចបាននូវដំណើរទស្សនកិច្ចទៅវិញទៅមក ហើយបានបង្កើតប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ។ ថ្ងៃនេះ ខ្ញុំបានធ្វើការផ្លាស់ប្ដូរមតិយោបល់ដោយស្មោះត្រង់ និងស៊ីជម្រៅជាមួយលោកប្រធានាធិបតី Trump ហើយបានឈានដល់គំនិតឯកភាពរួមថ្មីៗជាច្រើន ដែលបានបំពេញបន្ថែមខ្លឹមសារនៃទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្រប្រកបដោយលក្ខណៈស្ថាបនារវាងចិននិងអាមេរិក និងផ្តល់ជាការណែនាំជាយុទ្ធសាស្ត្រថ្មីសម្រាប់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ។
លោក Xi Jinping បានថ្លែងទៀតថា សព្វថ្ងៃនេះ ទំនាក់ទំនងរវាងចិននិងអាមេរិកបានឈរនៅចំណុចចាប់ផ្តើមនៃប្រវត្តិសាស្ត្រថ្មីទៀត ។ លោកប្រធានាធិបតីTrump បានលើកឡើងថា ធ្វើឱ្យសហរដ្ឋអាមេរិកមានភាពអស្ចារ្យម្តងទៀត ដោយដឹកនាំប្រជាជនអាមេរិក សម្រេចបាននូវសមិទ្ធផលអភិវឌ្ឍន៍សំខាន់ៗ។ ប្រទេសចិនកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ហើយបានត្រួសត្រាយស្ថានការណ៍អភិវឌ្ឍន៍ថ្មីជាបន្តបន្ទាប់ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។គោលដៅទាំងពីរនេះសុទ្ធតែមានមហិច្ឆតា និងអាចបំពេញបន្ថែមនិងជំរុញដល់គ្នាឱ្យសម្រេចបាន ។ យើងគួរតែបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសដ៏ធំខណៈពេលសមស្របនឹងការរំពឹងទុករបស់ប្រជាជននិងនិន្នាការអភិវឌ្ឍន៍នៃយុសម័យ ដើម្បីស្វែងរកមាគ៌ាថ្មីមួយដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិននិងអាមេរិករួមរស់ជាមួយគ្នា។ បុព្វហេតុមិត្តភាពរវាងប្រជាជនចិននិងអាមេរិក មានអនាគតដ៏ភ្លឺស្វាង ។ ចូរយើងធ្វើការជាមួយគ្នា ដើម្បីថែរក្សាផ្កាដ៏ស្រស់បំព្រង នៃមិត្តភាពចិន-អាមេរិក និងរួមគ្នាចារទំព័រថ្មីនៃចំណងមិត្តភាពចិន-អាមេរិក។
លោក Trump បានថ្លែងសុន្ទរកថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីខែឧសភាឆ្នាំនេះ បានធ្វើឱ្យខ្ញុំបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនិងល្អប្រសើរចំពោះភាពកក់ក្តៅ និង ភាពរួសរាយរាក់ទាក់របស់ប្រជាជនចិន ។ នៅក្នុងរាត្រីនេះ ឥស្សរជនមកពីគ្រប់មជ្ឈដ្ឋានរបស់ប្រទេសទាំងពីរបានជួបជុំគ្នា ដើម្បីអបអរសាទរចំណងមិត្តភាពរវាងអាមេរិកនិងចិន ដែលឆ្លងកាត់ចម្ងាយមួយម៉ឺនលី និងមានអាយុកាលជាងមួយសតវត្សរ៍មក ។ ប្រទេសសហរដ្ឋអាមេរិកនិងចិនសុទ្ធតែមានប្រវត្តិសាស្ត្រវប្បធម៌ដ៏យូរលង់ ហើយប្រជាជននៃប្រទេសទាំងពីរមានការផ្លាស់ប្តូរមិត្តភាពក្នុងរយៈពេលយូរ។ ទោះបីជាប្រទេសទាំងពីរ មានប្រព័ន្ធខុសៗគ្នាក៏ដោយ ប៉ុន្តែចំណងមិត្តភាពរវាងសហរដ្ឋអាមេរិកនិងចិន ឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ។ ខ្ញុំមានឆន្ទៈធ្វើការជាមួយលោក Xi Jinping ប្រធានរដ្ឋចិនហើយប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក បន្តពូនជ្រំមិត្តភាពរវាងប្រទេសទាំងពីរដើម្បីនាំមកនូវវិបុលភាពនិងសន្តិសុខយូរអង្វែង ដល់ប្រជាជននៃប្រទេសទាំងពីរពីមួយជំនាន់ទៅមួយជំនាន់៕
វិទ្យុមិត្តភាពកម្ពុជាចិន


