FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក សន្យាផ្តល់ថវិកាបន្ថែម ២៦៧លានដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺអេបូឡានៅអាហ្វ្រិកកណ្តាល (Video inside)

24-09-2026 15:34

(ញូវយ៉ក)៖ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានសន្យាផ្តល់ថវិកាបន្ថែមចំនួន ២៦៧លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នៅតំបន់អាហ្វ្រិកកណ្តាល ខណៈដែលអាជ្ញាធរសុខាភិបាលកំពុងប្រឹងប្រែង គ្រប់គ្រងវីរុសដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក បានប្រកាសអំពីការផ្តល់មូលនិធិនេះ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដោយសង្ឃឹមថា នឹងទទួលបានការសន្យាផ្តល់ថវិកាបន្ថែមពីប្រទេសនានា ដើម្បីសម្រេចបាននូវគោលដៅថវិកា ២ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាពិសេសនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ការសន្យាថ្មីនេះ ធ្វើឱ្យទឹកប្រាក់សរុបដែលរដ្ឋបាលលោក ត្រាំ ប្តេជ្ញាសម្រាប់ដោះស្រាយជំងឺអេបូឡា កើនឡើងដល់ ៨៨៦លានដុល្លារ ដែលក្នុងនោះ ១០៧លានដុល្លារពីក្រសួងសុខាភិបាល បន្ថែមលើថវិការបស់ក្រសួងការបរទេស។

គួរបញ្ជាក់ថា ការផ្ទុះជំងឺអេបូឡាបានកើតមានឡើងនៅក្នុងខែឧសភា ហើយវាបានក្លាយជាការផ្ទុះឡើង ដែលមានអត្រាមរណភាពខ្ពស់បំផុតទី២ ក្នុងកំណត់ត្រា បន្ទាប់ពីការផ្ទុះឡើងនៅអាហ្វ្រិកខាងលិច ក្នុងអំឡុងឆ្នាំ២០១៤ ដល់២០១៦៕