ចិនបណ្តេញមេទ័ពជាន់ខ្ពស់២រូបចេញពីបក្សនិងជួរកងទ័ព ដោយចោទប្រកាន់ពីការមិនស្មោះត្រង់ និងអំពើពុករលួយ (Video inside)
22-09-2026 15:18
(ប៉េកាំង)៖ ក្នុងសេចក្តីប្រកាសផ្លូវការមួយ កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ចិនបានបណ្តេញអតីតថ្នាក់ដឹកនាំយោធាជាន់ខ្ពស់២រូប គឺលោក Zhang Youxia និងលោក Liu Zhenli ចេញពីគណបក្សកុម្មុយនីស្តចិន និងជួរកងទ័ព ដោយបានចោទប្រកាន់ ពួកគេពីការមិនស្មោះត្រង់ អំពើពុករលួយ និងការបំពានវិន័យធ្ងន់ធ្ងរផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Zhang ធ្លាប់ជាអនុប្រធានគណៈកម្មការយោធាមជ្ឈិម (CMC) ដែលជាស្ថាប័នបញ្ជាការកំពូលរបស់យោធាចិន និងជាមេដឹកនាំយោធាលំដាប់ទី២ បន្ទាប់ពីប្រធានាធិបតី ស៉ី ជីនពីង។ លោកធ្លាប់ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ស៉ី នៅក្នុងវិស័យយោធា។ ចំណែកលោក Liu វិញ គឺធ្លាប់មានតួនាទីជាសមាជិក CMC និងជាប្រធាននៃនាយកដ្ឋានសេនាធិការចម្រុះរបស់ CMC។ តាមពិតទៅ ការស៊ើបអង្កេតលើលោក Zhang និងលោក Liu ត្រូវបានប្រកាសតាំងពីខែមករា ដើមឆ្នាំ២០២៦នេះមកម្ល៉េះ ហើយអ្នកទាំងពីរត្រូវបានដកចេញពីគណៈកម្មការយោធាមជ្ឈិម កាលពីចុងខែសីហា។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចដំបូង ក្នុងឆ្នាំ២០១២ លោក ស៉ី ជីនពីង បានបើកយុទ្ធនាការបោសសំអាតអំពើពុករលួយ និងការរឹតបន្តឹងវិន័យដ៏ទូលំទូលាយបំផុតមួយ ក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប។ មន្ត្រីរាប់លាននាក់នៅក្នុងប្រព័ន្ធរដ្ឋបាលដ៏ធំរបស់ចិន ត្រូវបានស៊ើបអង្កេតក្នុងកម្រិតផ្សេងៗគ្នា ខណៈមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៅក្នុងជួរបក្ស រដ្ឋាភិបាល និងយោធា ត្រូវបានរកឃើញប្រព្រឹត្តខុស និងបណ្តេញចេញពីតំណែង។ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ យោធាចិនកាន់តែក្លាយជាគោលដៅចម្បងមួយនៃយុទ្ធនាការនេះ។ ការស៊ើបអង្កេត និងការបណ្តេញមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យបច្ចុប្បន្នសល់តែសមាជិក២រូបប៉ុណ្ណោះ នៅក្នុង CMC ដែលពីមុនមានសមាជិកសរុប៧រូប រួមទាំងលោក ស៉ី ដែលកាន់តំណែងជាប្រធាន៕

