ប៉ាគីស្ថាន ប្រកាសថាមនុស្ស ២៨នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមអាកាសលើគោលដៅចំនួនបី ក្នុងប្រទេសអាហ្វហ្កានីស្ថាន
21-09-2026 19:20
(អ៉ីស្លាម៉ាបាដ)៖ ក្រសួងព័ត៌មានប៉ាគីស្ថាន បានប្រកាសនៅថ្ងៃចន្ទនេះថា «ក្រុមភេរវករ» និងជនបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន ២៨នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើគោលដៅចំនួនបី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអាកាសប៉ាគីស្ថាននេះ ត្រូវបានធ្វើឡើងដើម្បីកម្ទេចជម្រកសម្ងាត់ និងមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធ ដែលទីក្រុងអ៉ីស្លាម៉ាបាដចោទប្រកាន់ថាបានរៀបចំផែនការ និងបញ្ជូនជនបំផ្ទុះគ្រាប់បែកអត្តឃាតចូលមកធ្វើសកម្មភាពវាយប្រហារនៅក្នុងទឹកដីប៉ាគីស្ថាន ជាពិសេសបន្ទាប់ពីមានហេតុការណ៍វាយប្រហារអត្តឃាតលើទីស្នាក់ការប៉ូលិសមួយកន្លែងនៅភាគពាយព្យប្រទេស ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ កាលពីចុងសប្តាហ៍មុន។
គួរបញ្ជាក់ថា ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសជិតខាងទាំងពីរបានកើនឡើងយ៉ាងខ្លាំង ដោយរដ្ឋាភិបាលទីក្រុងអ៉ីស្លាម៉ាបាដតែងតែបានចោទប្រកាន់ថាក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងខ្លួន កំពុងប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថានធ្វើជាមូលដ្ឋានប្រតិបត្តិការ ប៉ុន្តែរដ្ឋាភិបាលតាលីបង់នៅទីក្រុងកាប៊ុល តែងតែបានច្រានចោលការចោទប្រកាន់នេះ និងបានអះអាងថាសកម្មភាពអសន្តិសុខទាំងនោះ គឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថានសុទ្ធសាធ៕
