អូស្រ្តាលីព្រមានពីការកើនឡើងប្រជាជនវ័យចំណាស់ និងការធ្លាក់ចុះអត្រាកំណើត (Video inside)
21-09-2026 15:25
(ស៉ីដនី)៖ អូស្ត្រាលី បានព្យាករថា តួលេខនៃអ្នកស្លាប់នឹងមានលើសពីចំនួនអ្នកកើតជាលើកដំបូង នៅក្នុងទសវត្សរ៍ឆ្នាំ២០៦០ ដែលនេះគឺជាការផ្លាស់ប្តូរផ្នែកប្រជាសាស្ត្រមានផលប៉ះពាល់ខ្លាំងចំពោះសេដ្ឋកិច្ច ដែលកំពុងប្រឈមនឹងបញ្ហាប្រជាជនវ័យចាស់ ការធ្លាក់ចុះនៃអត្រាកំណើត និងការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី ២១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងរបាយការណ៍ស្តីពីមួយជំនាន់ទៅមួយជំនាន់ ចេញផ្សាយនាថ្ងៃចន្ទនេះ ក្រសួងហិរញ្ញវត្ថុអូស្រ្តាលី បានកំណត់បញ្ហាចំនួន ៥ ដែលនឹងជះឥទ្ធិពលដល់ទស្សនវិស័យសេដ្ឋកិច្ច ក្នុងរយៈពេល ៤ទសវត្សរ៍ទៅមុខ រួមមាន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរប្រព័ន្ធថាមពល ភាពចាស់ជរានៃប្រជាជន និងការប្តូរទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យសេវាកម្ម។
តាមការព្យាករ អត្រាកំណើនប្រជាជននឹងថយចុះមកនៅត្រឹម ០,៩ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៤ទសវត្សរ៍ខាងមុខ ដោយសារតែអត្រានៃការមានកូនធ្លាក់ចុះ ហើយអត្រានៃការប្តូរទីលំនៅពីបរទេសមកក្នុងប្រទេសបន្តធ្លាក់ចុះ។ លោក Jim Chalmers រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្រ្តាលី បានលើកឡើងថា ប្រជាជនអូស្ត្រាលីដែលមានអាយុលើសពី ៨៥ឆ្នាំ នឹងកើនឡើង ៣ដងនៅត្រឹមឆ្នាំ២០៦៦ ដែលតម្រូវឱ្យមានការបង្កើនសេវាសុខាភិបាល។
អស់រយៈពេលច្រើនទសវត្សរ៍មកហើយ ដែលអូស្ត្រាលីរក្សាបាននូវកំណើនប្រជាជន ដោយពឹងផ្អែកលើការទទួលយកជនអន្តោប្រវេសន៍ ដើម្បីប៉ះប៉ូវនឹងអត្រាកំណើតទាប។ ប៉ុន្តែនៅពេលដែលអត្រាទទួលយកជនអន្តោប្រវេសន៍ កំពុងថយចុះ ប្រទេសនេះ ក៏ចាប់ផ្តើមដើរលើគន្លងផ្លូវដូចគ្នាទៅនឹងប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត រួមមានជប៉ុន អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ជាទីដែលចំនួនអ្នកស្លាប់មានច្រើនជាងចំនួនអ្នកកើត៕
