អ៉ីរ៉ង់ បិទមជ្ឈមណ្ឌលភាសាបារាំងនៅរដ្ឋធានីតេហេរ៉ង់ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់
20-09-2026 21:28
(ឌូបៃ)៖ អាជ្ញាធរអ៉ីរ៉ង់បានសម្រេចបិទ និងបិទតែមបោះត្រាលើមជ្ឈមណ្ឌលបង្រៀនភាសាបារាំងមួយកន្លែង ដែលជាប់ពាក់ព័ន្ធនឹងស្ថានទូតបារាំងប្រចាំរដ្ឋធានីតេហេរ៉ង់ តាមដីកាតុលាការ ក្រោមការចោទប្រកាន់ពីបទធ្វើសកម្មភាពខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ការិយាល័យរដ្ឋអាជ្ញាក្រុងតេហេរ៉ង់ បានបញ្ជាក់ថាមជ្ឈមណ្ឌលខាងលើបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោមស្លាកនៃការបង្រៀនភាសាបរទេស បើទោះបីជាធ្លាប់ទទួលបានការព្រមានម្តងហើយម្តងទៀត ឱ្យទៅស្នើសុំអាជ្ញាបណ្ណស្របច្បាប់ក៏ដោយ។
អាជ្ញាធរអ៉ីរ៉ង់បានចោទប្រកាន់មជ្ឈមណ្ឌលនេះថា បានធ្វើសកម្មភាពប្រឆាំងនឹងវប្បធម៌ និងសន្តិសុខជាតិរបស់អ៉ីរ៉ង់ រួមទាំងការកំណត់អត្តសញ្ញាណ និងការបង្កើតបណ្តាញសម្ងាត់ ព្រមទាំងជួយសម្រួលដល់ការចាកចេញរបស់ពលរដ្ឋអ៉ីរ៉ង់ដែលមានជំនាញ និងសមត្ថភាពខ្ពស់ ឱ្យទៅរស់នៅក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ថា វិធានការក្តៅនេះកើតមានឡើងចំពេលដែលទំនាក់ទំនងរវាងប្រទេសអ៉ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច រួមទាំងប្រទេសបារាំង កំពុងបន្តស្ថិតក្នុងភាពតានតឹង ខណៈដែលស្ថាប័នអប់រំ និងវប្បធម៌មួយចំនួនដែលជាប់ពាក់ព័ន្ធនឹងស្ថានទូតបរទេស តែងតែរងការសង្ស័យ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់៕
