កូរ៉េខាងជើងទទូចថាឋានៈជារដ្ឋអាវុធនុយក្លេអ៊ែរគ្មានអ្វីអាចកែប្រែ ចោទ IAEA មានស្ដង់ដារពីរ (Video inside)
19-09-2026 13:53
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចោទប្រកាន់ថាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មានស្ដង់ដារ២ បន្ទាប់ពីទីភ្នាក់ងារមួយនេះបានអនុម័តដំណោះស្រាយមួយរិះគន់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម យ៉ូជុង បាននិយាយថាទស្សនៈលម្អៀង និងស្ដង់ដារ២ របស់ IAEA ជាកត្តាចម្បងដែលបណ្ដាលឱ្យប្រព័ន្ធមិនរីកសាយអាវុធនុយក្លេអ៊ែរអន្តរជាតិដួលរលំ។ លោកស្រី គីមបន្តថា IAEA បានបិទភ្នែកចំពោះសកម្មភាពជំរុញឱ្យមានការរីកសាយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងគម្រោងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង។ ប៉ុន្តែបែរជាបានអនុម័តដំណោះស្រាយប្រឆាំងសកម្មភាពនុយក្លេអ៊ែរ និងសិទ្ធិស្វ័យការពារខ្លួនស្របច្បាប់របស់កូរ៉េខាងជើងទៅវិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយចេញផ្សាយដោយ KCNA ក្រសួងការបរទេសកូរ៉េខាងជើងក៏បានច្រានចោលដំណោះស្រាយរបស់ IAEA ផងដែរ ដោយប្រកាសថាឋានៈជារដ្ឋអាវុធនុយក្លេអ៊ែរមិនមានអំណាចអ្វីអាចមកកែប្រែបានឡើយ។
គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន ក្នុងសប្ដាហ៍នេះបានចុះធ្វើអធិការកិច្ចរយៈពេល៣ថ្ងៃទៅកាន់រោងចក្រអាវុធសំខាន់ៗរបស់កូរ៉េខាងជើង។ លោក គីម ថែមទាំងសង្កត់ធ្ងន់ទៀតផងពីការពង្រឹងសមត្ថភាពកងកម្លាំងកាំភ្លើងធំកូរ៉េខាងជើងទាំងខាងប្រយុទ្ធ និងកំញើញទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះឡើង៕





