FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតចិន និងអាមេរិក ជជែកពិភាក្សាអំពី «ការប្រាស្រ័យទាក់ទងកម្រិតខ្ពស់» មុនជំនួបកំពូលរវាងលោក ស៉ី ជីនពីង និងលោក ត្រាំ

17-09-2026 22:16

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio តាមរយៈការសន្ទនាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសទាំងពីរ «គួរតែរៀបចំខ្លួនឱ្យបានល្អសម្រាប់ដំណាក់កាលបន្ទាប់នៃការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ក្នុងស្មារតីសមភាព ការគោរពគ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក វ៉ាង យី បានគូសបញ្ជាក់ថា ការទូតរវាងប្រមុខរដ្ឋ ដើរតួនាទីជាយុថ្កាដ៏សំខាន់នៃទំនាក់ទំនងចិន-អាមេរិក ហើយភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទង ជំរុញកិច្ចសហប្រតិបត្តិការ គ្រប់គ្រងការខ្វែងគំនិតគ្នា និងគោរពផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលដំណើរទស្សនកិច្ចដែលត្រូវបានរំពឹងទុករបស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង មកកាន់សហរដ្ឋអាមេរិក ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា ជំនួបកំពូលរវាងមេដឹកនាំទាំងពីរគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា។

ទោះបីជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ចិន មិនទាន់បានបញ្ជាក់ចំៗអំពីកាលបរិច្ឆេទនៃជំនួបកំពូលរវាងលោក ស៉ី និងលោក ត្រាំ ក៏ដោយ ប៉ុន្តែបានបញ្ជាក់ថាលោក វ៉ាង យី និងលោក Rubio បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅដោយផ្តោតលើការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ក្រៅពីទំនាក់ទំនងទ្វេភាគី ប្រមុខការទូតនៃប្រទេសមហាអំណាចទាំងពីរក៏បានពិភាក្សាអំពីស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាផងដែរ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីលោក វ៉ាង យី បានទទួលជួបរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi នៅរដ្ឋធានីប៉េកាំង ដោយលោកបានជំរុញឱ្យទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន រក្សាភាពអត់ធ្មត់ វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន និងចាត់វិធានការបើកច្រកសមុទ្រ Hormuz ឡើងវិញដើម្បីរក្សាស្ថិរភាពថាមពលសកលលោក៕