មន្រ្តីវៀតណាម បង្ហើបពីផែនការចុះកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក អំឡុងពេលលោក To Lam ទៅកាន់ទីក្រុងញូវយ៉ក (Video inside)
16-09-2026 16:39
(ហាណូយ)៖ យោងតាមមន្ត្រី និងឯកសារចំនួនពីរ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានពិនិត្យមើល សប្តាហ៍ក្រោយគេរំពឹងថានឹងមានការប្រកាសកិច្ចព្រមព្រៀង រវាងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក និងវៀតណាម ពាក់ព័ន្ធវិស័យថាមពល បច្ចេកវិទ្យា អាកាសចរណ៍ និងហិរញ្ញវត្ថុ ស្របពេលលោក To Lam មេដឹកនាំវៀតណាម នឹងទៅកាន់ទីក្រុងញូវយ៉ក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
កំណត់ត្រាផែនការផ្ទៃក្នុងមួយ បានរាយបញ្ជីកិច្ចព្រមព្រៀងចំនួន២៩ ដែលអាចប្រកាសនៅថ្ងៃទី២៣ ខែកញ្ញា ក្នុងទីក្រុងញូវយ៉ក នៅឯសន្និសីទធុរកិច្ចមួយ ដែលមានការចូលរួមពីលោក Lam។ ក្រុមហ៊ុនប្រេង Murphy Oil និង Chevron របសអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋ Petrovietnam ខណៈក្រុមហ៊ុន ExxonMobil នឹងប្រកាសកិច្ចព្រមព្រៀងជាមួយ Vietnam Refinery and Petrochemical Corporation ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងធំជាងគេចំនួនពីររបស់វៀតណាម។
មន្ត្រី ៣រូប បានឱ្យដឹងថា លោក Lam នឹងថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយជួបពិភាក្សាការងារ ជាមួយខាងក្រុមហ៊ុនអាមេរិកមួយចំនួន។ យ៉ាងនេះក្តី កាលវិភាគរបស់លោកមិនទាន់ត្រូវបានប្រកាសជាផ្លូវការទេ។ មន្ត្រី ២រូបទៀត បានឱ្យដឹងថា ដំណើររបស់ លោក Lam ក៏មានគោលបំណងជំរុញវឌ្ឍនភាពនៃការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងអាចឈានទៅដល់ការព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលបានចរចាអស់ជាង ១ឆ្នាំមកហើយ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលភាគច្រើនត្រូវបានគេរំពឹងថា មិនមានលក្ខណៈចងកាតព្វកិច្ចផ្លូវច្បាប់នោះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់វៀតណាម ដើម្បីបន្ទន់ចិត្តវ៉ាស៉ីនតោន នៅពេលដែលរដ្ឋបាលលោក ត្រាំ កំពុងគំរាមដាក់ពន្ធគយថ្មីលើប្រទេសនៅអាស៉ីអាគ្នេយ៍ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញមួយនេះ៕



