FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូកផ្ទុកជនចំណាកស្រុកមួយគ្រឿង លិចនៅក្បែរកោះនៃប្រទេសក្រិក បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ២៥នាក់បាត់ខ្លួន

14-09-2026 21:10

(អាថែន)៖ កងកម្លាំងឆ្មាំសមុទ្រក្រិកបានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សម្នាក់បានបាត់បង់ជីវិត និង ២៥នាក់ទៀតកំពុងបន្តបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលផ្ទុកជនចំណាកស្រុក បានលិចនៅក្បែរកោះ Gavdos ជិតកោះ Crete នៃប្រទេសក្រិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

អ្នកនាំពាក្យឆ្មាំសមុទ្រក្រិក បានបញ្ជាក់ថា «មនុស្សចំនួន ៥១នាក់ ត្រូវបានជួយសង្គ្រោះដោយទូកពីរគ្រឿងដែលស្ថិតនៅក្បែរតំបន់កើតហេតុ» ដោយផ្អែកតាមការរៀបរាប់របស់អ្នកនៅរស់រានមានជីវិត មានមនុស្សសរុបប្រមាណ ៧៧នាក់ នៅលើទូកនោះ នៅពេលដែលវាបានជួបគ្រោះថ្នាក់លិច។ កោះ Crete និងកោះ Gavdos ដែលមានចម្ងាយប្រមាណ ៣២០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសលីប៊ី បានក្លាយជាច្រកទ្វារចម្បងមួយសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងការធ្វើដំណើរចូលទៅកាន់ប្រទេសក្រិក។

យោងតាមទិន្នន័យពីក្រសួងអន្តោប្រវេសន៍ក្រិក ចំនួនជនចំណាកស្រុកដែលចូលមកដល់ប្រទេសនេះ បានធ្លាក់ចុះប្រមាណ ៣១ភាគរយ ដោយបានធ្លាក់ពីប្រមាណ ៦១,០០០នាក់ មកនៅត្រឹម ៤២,០០០នាក់ នៅក្នុងរយៈពេល ១២ខែចុងក្រោយនេះ បន្ទាប់ពីរដ្ឋមន្ត្រីអន្តោប្រវេសន៍ក្រិក លោក Thanos Plevris បានជំរុញការអនុវត្តគោលនយោបាយយ៉ាងតឹងរ៉ឹងលើការឆ្លងដែន។

គួរបញ្ជាក់ថា អាជ្ញាធរនៅទូទាំងទ្វីបអឺរ៉ុបបានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំពេលដែលគណបក្សស្តាំនិយមជ្រុលប្រឆាំងជនអន្តោប្រវេសន៍កំពុងទទួលបានការគាំទ្រកើនឡើង ខណៈដែលប្រទេសក្រិកក៏កំពុងស្ថិតក្នុងការពិភាក្សាជាមួយប្រទេសអាល្លឺម៉ង់ និងសមាជិក EU ដទៃទៀត ស្តីពីការបង្កើត «មជ្ឈមណ្ឌលបញ្ជូនត្រឡប់» (Return Hubs) នៅក្រៅសហភាពអឺរ៉ុប ដើម្បីចាត់ចែងលើសំណុំរឿងជនចំណាកស្រុកផងដែរ៕