បណ្តាប្រទេសអារ៉ាប់ក្នុងឈូងសមុទ្រ លុបចោលកិច្ចប្រជុំជាមួយអ៉ីរ៉ង់ ខណៈក្រុមហ៊ូទី បើកការវាយប្រហារថ្មីលើមូលដ្ឋានទ័ពអារ៉ាប៊ីសាអូឌីត
14-09-2026 19:41
(តាអ៉ីស)៖ បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ បានសម្រេចលុបចោលកិច្ចប្រជុំជាមួយប្រទេសអ៉ីរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ខណៈដែលក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បានបើកការវាយប្រហារថ្មីមួយទៀតមកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលការណ៍នេះបានរុញច្រានសង្គ្រាមមជ្ឈិមបូព៌ាឱ្យរីករាលដាលកាន់តែខ្លាំង និងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមឧទ្ទាមហ៊ូទីដែលមានខ្នងបង្អែកពីអ៉ីរ៉ង់ បានអះអាងថា ខ្លួនបានបាញ់បង្ហោះមីស៊ីល និងយន្តហោះដ្រូនរាប់សិបគ្រឿង កាលពីថ្ងៃចន្ទនេះ សំដៅលើមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុង Khamis Mushait ក្បែរព្រំដែន ដោយបានវាយប្រហារចំរោងទុកយន្តហោះ ប្រព័ន្ធរ៉ាដា ផ្លូវរត់ និងឃ្លាំងស្តុកគ្រាប់រំសេវ។ ក្រុមហ៊ូទីបានចាត់ទុកការវាយប្រហារនេះថាជាការសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរាប់រយលើករបស់អារ៉ាប៊ីសាអូឌីត មកលើប្រទេសយេម៉ែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ជាការឆ្លើយតប អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានប្រកាសអាសន្នរយៈពេលខ្លីនៅក្នុងទីក្រុងនោះ និងទីក្រុងភាគខាងត្បូងចំនួនបីផ្សេងទៀត។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីក្រុមហ៊ូទីបានវាយលុកដណ្តើមគ្រប់គ្រងកោះមួយនៅមាត់ច្រកសមុទ្រក្រហម កាលពីចុងសប្តាហ៍មុន ខណៈការវាយប្រហារដាច់ដោយឡែកមួយទៀត ដែលទីក្រុងរីយ៉ាដបានទម្លាក់កំហុសលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅអ៊ីរ៉ាក់ បានបំផ្លាញបំពង់បង្ហូរប្រេងពីទិសខាងកើតទៅខាងលិចរបស់អារ៉ាប៊ីសាអូឌីត ដែលជាផ្លូវយុទ្ធសាស្ត្រចម្បងក្នុងការនាំចេញប្រេងដោយបញ្ចៀសច្រកសមុទ្រ Hormuz ដែលកំពុងត្រូវបានបិទខ្ទប់៕
