រដ្ឋមន្ត្រីវប្បធម៌អ៉ីស្រាអែល អំពាវនាវឲ្យដកសញ្ជាតិអ្នកដឹកនាំរឿងស្តីពីតំបន់ហ្កាហ្សា ដែលរងការធ្វើសង្រ្គាមដ៏ប្រល័យរបស់អ៉ីស្រាអែល (Video inside)
14-09-2026 14:33
(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្ត្រីវប្បធម៌នៃប្រទេសអ៉ីស្រាអែល លោក Miki Zohar កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអំពាវនាវឲ្យដកសញ្ជាតិ អ្នកដឹកនាំខ្សែភាពយន្តឯកសារ ស្តីពីតំបន់ហ្កាហ្សា ដែលផលិតដោយអ៉ីស្រាអែល ដោយចោទប្រកាន់ពួកគេពីបទ «ក្បត់ជាតិ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងភាពយន្តមានចំណងជើងថា «Naza» អ្នកដឹកនាំរឿងជនជាតិអ៉ីស្រាអែល លោក Yuval Abraham និងអ្នកនាង Rachel Szor បានសម្ភាសក្រុមអ្នកទម្លាយព័ត៌មានខាងយោធា ឬចារកម្មរបស់អ៉ីស្រាអែល សរុបចំនួន២៤នាក់ផ្សេងគ្នា ដែលបានរៀបរាប់ពីប្រព័ន្ធកំណត់គោលដៅដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ប្រើសម្រាប់យុទ្ធនាការទម្លាក់គ្រាប់បែកលើហ្កាហ្សា ដែលបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់។
លោក Zohar បានចោទប្រកាន់អ្នកដឹកនាំរឿងទាំងពីរថាសុខចិត្តធ្វើឱ្យប៉ះពាល់មាតុភូមិរបស់ខ្លួនឯង ដើម្បីទទួលបានការសាទរពីក្រុមអ្នកប្រឆាំងជាតិសាសន៍ជ្វីហ្វ នៅជុំវិញពិភពលោក។ លោកបានបន្ថែមថា «ខ្ញុំនឹងចាត់វិធានការភ្លាមៗ ដើម្បីដកសញ្ជាតិអ៉ីស្រាអែលរបស់អ្នកបង្កើតភាពយន្តដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ ពីបទក្បត់ជាតិ»។
ភាពយន្តឯកសាររយៈពេល ៨០នាទីខាងលើ បានឈ្នះពានរង្វាន់ Special Jury Award ក្នុងព្រឹត្តិការណ៍មហាស្រពភាពយន្តអន្តរជាតិ Venice Film Festival ឆ្នាំនេះ។ រដ្ឋមន្ត្រីអ៉ីស្រាអែលផ្សេងទៀត ក៏បានរិះគន់អ្នកដឹកនាំរឿងទាំងពីរផងដែរ ដែលធ្លាប់ឈ្នះពានរង្វាន់ Oscar កាលពីក្នុងឆ្នាំ២០២៥ សម្រាប់ភាពយន្តរបស់ពួកគេ រឿង «No Other Land» ដែលនិយាយអំពីអំពើហិង្សារបស់អ្នកតាំងទីលំនៅអ៉ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីន West Bank ដែលស្ថិតក្រោមការត្រួតត្រា។
គួរបញ្ជាក់ថា ផ្អែកលើតួលេខផ្លូវការរបស់អ៉ីស្រាអែល ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានឆ្មក់បើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៉ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ បានផ្តាច់ជីវិតមនុស្ស ១២២១នាក់។ ពួកគេថែមទាំងបានចាប់ចំណាប់ខ្មាំង ២៥១នាក់ ទៅកាន់ហ្កាហ្សាផងដែរ។ ចំណែក ការធ្វើសង្រ្គាមសងសឹករបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សសរុបរហូតដល់ជាង ៧៣ ០០០ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា ដែលធ្វើការក្រោមអាជ្ញាធរហាម៉ាស ហើយតួលេខរបស់នេះ ត្រូវចាត់ទុកថាអាចទុកចិត្តបាន ដោយអង្គការសហប្រជាជាតិ៕




