ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ (Video inside)
13-09-2026 16:12
(ហ្សាការតា)៖ ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី បាន និងកំពុងតាមរកមនុស្ស ១៤០នាក់ ក្នុងហេតុការណ៍លិចកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងនៅសមុទ្រជ្វា នាថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមនុស្ស ១០៣នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ និងម្នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី កប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងដឹកមនុស្ស ២៤៣នាក់ ត្រូវបានរាយការណ៍ថាបានដាច់ការទាក់ទងនៅថ្ងៃអាទិត្យនេះ ក្នុងពេលមានអាកាសធាតុអាក្រក់។ កប៉ាល់ឈ្មោះ Virgo Transport 8 បានធ្វើដំណើរកាលពីថ្ងៃសៅរ៍ដោយចាកចេញពីទីក្រុង Surabaya នៃខេត្តជ្វាភាគខាងកើត ឆ្ពោះទៅកាន់ទីក្រុង Banjarmasin នៃខេត្តកាលីម៉ាន់តាន់ខាងត្បូង។ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថាកប៉ាល់នេះបានលិច តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីទេ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីមានកោះចំនួន ១៧០០០។ ដូច្នេះប្រជាជនឥណ្ឌូណេស៊ីភាគច្រើនពឹងផ្អែកលើកប៉ាល់ ឬស្រឡាងជាមធ្យោបាយធ្វើដំណើរតាមសមុទ្រដែលមានតម្លៃសមរម្យជាងការធ្វើដំណើរតាមយន្ដហោះ។ តែទោះជាបែបនេះក្ដី នៅតែមានបញ្ហាក្នុងការអនុវត្តតាមស្ដង់ដារសុវត្ថិភាព ជាហេតុធ្វើឱ្យឧបទ្ទវហេតុពាក់ព័ន្ធនឹងការធ្វើតាមផ្លូវទឹកស្ថិតក្នុងកម្រិតខ្ពស់៕



