FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នេប៉ាល់​៖ ថវិកាសរុបចាំបាច់សម្រាប់ជួសជុលកសាងឡើងវិញ ​ក្រោយមហន្តរាយ​ទឹកជំនន់​ ​នឹង​ឡើង​ដល់ ៤,៧៨ពាន់​លាន​ដុល្លារ

12-09-2026 15:25

(កដ្ឋមណ្ឌូ)៖ ក្រសួងការបរទេស​នៃប្រទេសនេប៉ាល់ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ថាការចំណាយសរុបដើម្បីជួសជុលស្ដារ​ប្រទេសឡើងវិញ ​បន្ទាប់ពី​គ្រោះមហន្តរាយទឹកជំនន់​ដ៏​សាហាវ​ ដែល​បង្កឡើង​ដោយ​ការ​បាក់​ផ្ទាំង​ទឹកកកពីលើ​ភ្នំ ​កាលពី​ខែ​មុន នឹង​មាន​ចំនួនរហូតដល់ខ្ទង់ ៤,៧៨ពាន់​លាន​ដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Lok Bahadur Chhetri អ្នកនាំពាក្យ​ក្រសួងការបរទេស​នេប៉ាល់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «តម្រូវការ​ប៉ាន់ស្មាន​សរុប​សម្រាប់​ការកសាងឡើងវិញ​គឺ​ប្រហែល ៤,៧៨ ពាន់​លាន​ដុល្លារ​»។ លោក​បន្ត​ថា «ក្នុង​ចំណោម​នេះ ប្រហែល ៥៧,៦៧លាន​ដុល្លារ​ ត្រូវ​បាន​វាយតម្លៃថា ​ត្រូវ​ការ​សម្រាប់​ការ​ងារស្ដារ​ និងជួសជុលឡើងវិញ​រយៈពេល​ខ្លី ​ក្នុង​រយៈពេល៦​ខែ​ខាងមុខ ខណៈ​ប្រហែល ៤,៧១ពាន់​លាន​ដុល្លារ​ គឺត្រូវ​ការ​សម្រាប់​កិច្ចប្រឹងប្រែង​រយៈពេល​វែង»

មេដឹកនាំ​នេប៉ាល់​ បាន​និយាយ​ថា ប្រទេស​តំបន់ជួរភ្នំហិម៉ាឡៃមួយនេះ​ ត្រូវ​ការ​ការ​គាំទ្រ​រយៈពេល​វែងពីអន្តរជាតិ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​ភ្នំ​ដែល​កំពុង​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស។ លោក​នាយករដ្ឋមន្ត្រី Balendra Shah បាន​និយាយ​កាលពី​ពេលកន្លងមកនេះថា នេប៉ាល់​ត្រូវ​តែលើក​ឡើង​ឱ្យខ្លាំង ជាមួយ​សហគមន៍​អន្តរជាតិ ​អំពី​គ្រោះមហន្តរាយ​ដែល​ខ្លួន​បាន​ជួបប្រទះ ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។ លោក Shah ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​លើក​ដំបូង​ក្នុង​នាម​ជា​មេដឹកនាំ ដើម្បី​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ អំពី​បញ្ហា​បន្ទាន់​នេះ ​ក្នុងខែកញ្ញា​នេះ។

នេប៉ាល់ ដែលជា​ប្រទេសមួយភាគច្រើនជាទី​ជនបទ​ និង​មាន​ប្រជាជនសរុប ៣០លាន​នាក់ រួមចំណែក​មួយ​ផ្នែកតូចប៉ុណ្ណោះ នៃ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​បើ​ធៀប​ទៅនឹងបណ្តា​ប្រទេស​ឧស្សាហកម្ម។ ខណៈ​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាក់​ផ្ទាំង​ទឹកកក គឺ​មិន​ទាន់ច្បាស់ក៏ដោយ ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​បណ្ដាល​ឲ្យ​ផ្ទាំង​ទឹកកក​រលាយនៅ​ទូទាំង​ពិភពលោក ជាហេតុបង្កើន​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​បែប​នេះ។ អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ផ្ទាំង​ទឹកកក​នៅ​តំបន់ហិម៉ាឡៃ ដែល​ជា​ជួរ​ភ្នំ​ខ្ពស់​បំផុត​របស់​ពិភពលោក កំពុង​រលាយ​លឿន​ជាង​មុន ស្របពេល​សីតុណ្ហភាព​សកល​កើនឡើង។

លំហូរ​ទឹកលាយឡំជាមួយ ល្បាប់ភក់ និង​កម្ទេចកម្ទី​ ប្រៀបដូច​រលក​យក្ស​ស៊ូណាមិ ​កាលពី​ថ្ងៃ​ទី ២៦ ខែ​សីហា ដែល​បាន​ចាប់ផ្ដើម​នៅ​ព្រំដែន​ចិន-នេប៉ាល់ បាន​សម្លាប់​មនុស្ស​ជាង ១៤០០ នាក់ និងបណ្តាលឱ្យ​បាត់ខ្លួន​ប្រហែល ៥៦០០ នាក់ មកទល់នឹងពេលនេះ។ ការ​វាយតម្លៃ​បឋម​របស់​អង្គការសហប្រជាជាតិ​ បាន​ប៉ាន់ស្មាន​ ការ​ខូចខាតចំពោះ​សំណង់អគារ​ពី​ទឹកជំនន់​នៅ​នេប៉ាល់​តែ​ឯង គឺ​មាន​ចំនួន ១៥៨លាន​ដុល្លារ​ ហើយបាន​ព្រមាន​ថា ការ​ខាតបង់​សរុប ដែលរួម​ទាំង​ការ​ខូចខាត​ផ្លូវថ្នល់ និង​ស្ពាន ដី​កសិកម្ម និង​ការ​ចំណាយ​មនុស្សធម៌ គឺនឹង​ខ្ពស់​ជាង​នេះ​ឆ្ងាយ។

គួរបញ្ជាក់ថា អ្នកជួយសង្គ្រោះ​នៅ​នេប៉ាល់ ​បាន​រក​ឃើញ​សាកសព ១៣៨៥ នាក់ ខណៈ​មនុស្ស​ប្រហែល ៥១៣០ នាក់​នៅ​តែ​បាត់​ខ្លួន គិតត្រឹម​ថ្ងៃ​សុក្រសប្តាហ៍នេះ។ រីឯនៅ​ប្រទេស​ចិន បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ចំនួន​អ្នក​ស្លាប់​មាន៤៣នាក់ និង៥១៩នាក់​បាត់​ខ្លួន។ សរុបជារួមវិញ តួលេខចុងក្រោយបំផុត នៃអ្នកដែលបានបាត់បង់ជីវិតក្នុងប្រទេសទាំងពីរ គឺ១៤២៨នាក់ និង​ជាង៥៦៤៩នាក់ទៀត​បាត់បង់​ខ្លួន រួម​ទាំង​ជនបរទេស​ប្រហែល ៨០០ នាក់ ក្នុង​នោះ​មាន​ភ្ញៀវទេសចរ និង​អ្នក​ធ្វើ​ធម្មយាត្រាសាសនា៕