FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តល្បីមួយនៅប្រទេសថៃ ត្រូវបានចាប់ខ្លួន ពីបទលួចកិបកេងលុយវត្តរាប់លានដុល្លារ និងរឿងអាស្រូវផ្លូវភេទ (Video inside)

11-09-2026 14:51

(បាងកក)៖ ប៉ូលិសថៃបានប្រកាសឱ្យដឹងនៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ថា ពួកគេបានចាប់ខ្លួនព្រះសង្ឃជាន់ខ្ពស់មួយអង្គ ពីបទសង្ស័យថា បានបន្លំយកលុយចំនួន ២,៨ លានដុល្លារ ដែលជាថវិការបស់វត្ត រួមជាមួយជនសង្ស័យម្នាក់ទៀតជាស្រ្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ករណីនេះគឺជាករណីរឿងអាស្រូវថ្មីចុងក្រោយបង្អស់ ដែលបានកើតឡើងចំពោះព្រះសង្ឃនៅក្នុងប្រទេសថៃ ដែលមានប្រជាជនភាគច្រើន កាន់ព្រះពុទ្ធសាសនា បន្ទាប់ពីករណីរឿងអាស្រូវផ្លូវភេទនិងជំរិតទារប្រាក់មួយផ្សេងទៀត ដែលពាក់ព័ន្ធនឹងព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គ កាលពីឆ្នាំ២០២៥ បានបង្កឱ្យសាធារណជនថៃ ខឹងសម្បារជាខ្លាំង រហូតដល់ថ្នាក់មានការអំពាវនាវឱ្យត្រួតពិនិត្យតាមដាន កាន់តែតឹងរ៉ឹងជាងមុន លើហិរញ្ញវត្ថុតាមវត្តអារាម។

ប៉ូលិសដឹកនាំការស៉ើបអង្កេតរបស់ថៃ លោក Pattanasak Bupphasuwan បានឱ្យដឹងថា ព្រះតេជគុណ Phra Wachirayan Wi ព្រះជន្ម៦៦ព្រះវស្សា ដែលជាព្រះចៅអធិការវត្តពុទ្ធៃសាវ័ន (Wat Phutthaisawan) ដែលបន្សល់ទុកតាំងពីសម័យសតវត្សរ៍ទី១៤ ស្ថិតក្នុងរាជធានីបុរាណអយុធ្យា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្រោមការចោទប្រកាន់ពីបទកិបកេងប្រាក់ និងលាងលុយកខ្វក់។

ចំណែក ស្ត្រីអាយុ៤៧ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួយប្តូរនិងលាក់លុយ ក៏ត្រូវបានចាប់ខ្លួនផងដែរ។ វីដេអូកាមេរ៉ាសុវត្ថិភាព CCTV បែកធ្លាយ បង្ហាញឱ្យឃើញទិដ្ឋភាពដ៏ភ្ញាក់ផ្អើល គឺចៅអធិការវត្តខាងលើ ធ្វើសកម្មភាពរួមភេទជាមួយស្រ្តីម្នាក់នោះ នៅលើតុក្នុងកុដិរបស់ព្រះអង្គ ហើយវាត្រូវបានចែកចាយយ៉ាងព្រោងព្រាត នៅលើប្រព័ន្ធផ្សព្វផ្សាយថៃ។

ប៉ូលិសថៃបាននិយាយថា អាជ្ញាធរបានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃសរុបប្រហែល ២១៥ លានបាត រួមទាំងមាសដុំ និងគ្រឿងអលង្ការទម្ងន់ ១៦គីឡូក្រាម និងប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន២៨។ ប៉ូលិសកំពុងស៊ើបអង្កេតថា តើទ្រព្យសម្បត្តិណាខ្លះជាកម្មសិទ្ធិផ្ទាល់ខ្លួន និងជាកម្មសិទ្ធិរបស់វត្ត។

ព្រះចៅអធិការអង្គនេះ ត្រូវបានគេស្គាល់ល្បីខាងធ្វើវត្ថុស័ក្ដិសិទ្ធិ ហើយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ត្រូវបានគេរាយការណ៍ថា ក៏ស្ថិតក្នុងចំណោម អ្នកដែលពាក់វត្ថុស័ក្តិសិទ្ធិទាំងនោះផងដែរ។ ព្រះតេជគុណ Phra Wachirayan Wi ដែលគេស្គាល់ដោយព្រះនាមមួយទៀតដែរនោះ គឺ Luang Pho Atichot ត្រូវបានចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីការចាប់ខ្លួន។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប៉ូលិសថៃបានចាប់ខ្លួនស្ត្រីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ពីព្រះសង្ឃយ៉ាងហោចណាស់ ១១អង្គ ដែលនាងបានរួមភេទជាមួយ ដោយគំរាមយកប្រាក់ជិត ១២លានដុល្លារពីមូលនិធិវត្ត ដែលជាករណីដ៏កក្រើកនៅក្នុងប្រទេសថៃ៕