FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់ ថាសកម្មភាពរបស់ IAEA នឹងជំរុញឱ្យប្រទេសនានា ចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (Video inside)

11-09-2026 11:44

(តេហេរ៉ង់)៖ អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៉ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ថា «ចំណាត់ការនយោបាយ» របស់ស្ថាប័នឃ្លាំមើលនុយក្លេអ៊ែរនៃអង្គការសហប្រជាជាតិ នឹងជំរុញឱ្យប្រទេសនានាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ Non-Proliferation of Nuclear Weapons ហៅកាត់ (NPT)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Mohsen Rezaei បានបញ្ចេញមតិយោបល់នេះ មួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលមានសមាជិក ៣៥ប្រទេស បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដើម្បីរាយការណ៍អំពីប្រទេសអ៉ីរ៉ង់ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធការរំលោភបំពានកាតព្វកិច្ចមិនរីកសាយអាវុធនុយក្លេអ៊ែរ។

IAEA ប៉ាន់ស្មានថាអ៉ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចចំនួន ៤៤០,៩គីឡូក្រាម ឬក្នុងកម្រិត ៦០ភាគរយ មុនពេលមានការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក និងអ៉ីស្រាអែល។ បើយោងតាមស្តង់ដាររបស់ IAEA បរិមាណនេះគឺគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ ១០គ្រាប់ ប្រសិនបើវាត្រូវបានចម្រាញ់បន្ថែម។ គេមិនទាន់ច្បាស់ទេថា អ៉ីរ៉ង់នៅមានប៉ុន្មានសេសសល់ ប៉ុន្តែ IAEA ជឿជាក់ថាមានជាង ២០០គីឡូក្រាមនៅសល់ក្នុងទីតាំងមួយ។

សេចក្តីសម្រេចចិត្តកាលពីថ្ងៃពុធ បានលើកឡើងជាពិសេសអំពីសេចក្តីសម្រេចចិត្តចំនួន២ កាលពីមុន គឺសេចក្តីសម្រេចចិត្តចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលរកឃើញថាអ៉ីរ៉ង់មិនបានអនុវត្តតាមកាតព្វកិច្ច និងសេចក្តីសម្រេចចិត្តចុងក្រោយបំផុតដែលបានធ្វើឡើងនៅខែមិថុនាឆ្នាំនេះ ដែលតម្រូវឱ្យអ៉ីរ៉ង់ប្រកាសពីស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចដែលខ្លួននៅសេសសល់ និងអនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យចូលទៅផ្ទៀងផ្ទាត់៕