មេដឹកនាំរងកោះតៃវ៉ាន់ ធ្វើទស្សនកិច្ចដ៏កម្រទៅកាន់អឺរ៉ុប ដើម្បីចូលរួមវេទិកាប្រជាធិបតេយ្យមួយនៅអ៉ីតាលី (Video inside)
11-09-2026 11:20
(តៃប៉ិ)៖ លោកស្រី Hsiao Bi-khim ដែលជាមេដឹកនាំរងរបស់កោះតៃវ៉ាន់ កំពុងធ្វើទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប ហើយត្រូវចូលរួមវេទិកាមួយស្តីពីលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអ៉ីតាលី រួមជាមួយរដ្ឋមន្រ្តីការបរទេសរបស់ទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦។
ការិយាល័យមេដឹកនាំតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយខ្លី ថាលោកស្រី Hsiao ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទ Ventotene ស្តីពីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយកំពុងធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេស លោក Lin Chia-lung។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ព័ត៌មានលម្អិតផ្សេងទៀតនឹងត្រូវផ្តល់ជូន ពេលដែលអ្នកទាំងពីរត្រឡប់មកតៃវ៉ាន់វិញ។
ទាំងក្រសួងការបរទេសចិន និងក្រសួងការបរទេសអ៉ីតាលី មិនបានឆ្លើយតបភ្លាមៗទេ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សន្និសីទ Ventotene ប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា ដូចគ្នានឹងប្រទេសភាគច្រើនដែរ អ៉ីតាលីមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយកោះតៃវ៉ាន់នោះទេ។ ទោះជារដ្ឋមន្ត្រីការបរទេសរបស់តៃវ៉ាន់ តែងធ្វើដំណើរទៅអឺរ៉ុប និងតំបន់ផ្សេងទៀតនៃពិភពលោក ដែលមិនមានទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ក្តី ប៉ុន្តែវាជារឿងកម្រណាស់ដែលមន្ត្រីជាន់ខ្ពស់កម្រិតមេដឹកនាំរងមានដំណើរទស្សនកិច្ចបែបនេះ ដោយសារតែហានិភ័យនៃការឆ្លើយតបខ្លាំងក្លា ពីសំណាក់ចិនដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ទៅលើប្រទេសម្ចាស់ផ្ទះ៕
