កាណាដា យល់ព្រមផ្ដល់ជំនួយយោធាគាំទ្រដល់ប្រព័ន្ធការពារដែនអាកាស របស់អ៊ុយក្រែន (Video inside)
11-09-2026 10:22
(Reuters)៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសឱ្យដឹងថាប្រទេសរបស់លោកបានយល់ព្រមផ្ដល់ជំនួយ ៣៥០លានដុល្លារកាណាដា ឬស្មើនឹង ២៦០លានដុល្លារអាមេរិក ទៅឱ្យអ៊ុយក្រែន ដើម្បីទិញគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសរបស់លោក Mark Carney ធ្វើឡើងបន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលបានបំពេញទស្សនកិច្ចទៅកាន់កាណាដា។ ទីក្រុងកៀវ កំពុងខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក និងមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលបាលិស្ទីគរបស់រុស្ស៉ី ក្នុងពេលទីក្រុងមូស្គូកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាស ដោយប្រើមីស៊ីលបាលិស្ទីគ។ «ខណៈរុស្ស៉ីកំពុងបង្កើនការវាយប្រហារដោយមិនរើសមុខលើប្រជាជនស៊ីវិល ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកំពុងដើរតួនាទីយ៉ាងសំខាន់។ ដូច្នេះ នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍) កាណាដា និងអ៊ុយក្រែនបានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស...កញ្ចប់បរិក្ខារមានទំហំទឹកប្រាក់ ៣៥០លានដុល្លារកាណាដា នឹងចូលរួមចំណែកការពារប្រជាជនអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់លោក Mark Carney ប្រាប់ក្រុមអ្នកសារព័ត៌មាន។
លោក Mark Carney មិនបានបញ្ជាក់លម្អិតថាតើគ្រាប់មីស៊ីលប្រភេទអ្វីនឹងត្រូវបានប្រគល់ ឬថានៅពេលណាទើបការប្រគល់នឹងចាប់ផ្ដើមនោះទេ? ក៏ប៉ុន្តែអាវុធទាំងនោះនឹងត្រូវផ្ដល់ទៅឱ្យ អ៊ុយក្រែន តាមរយៈកម្មវិធីមួយរបស់សហរដ្ឋអាមេរិកដែលអនុញ្ញាតឱ្យប្រទេសទី៣ បញ្ជាទិញ និងផ្គត់ផ្គង់អាវុធដូចជាគ្រាប់មីស៊ីល Patriot ទៅឱ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា ការឆ្លើយតប លោក ហ្សេលេនស្គីបានអរគុណដល់ជំនួយរបស់កាណាដា ហើយថាអ៊ុយក្រែនត្រូវការបច្ចេកវិទ្យា និងកញ្ចប់ថវិកាបន្ថែមទៀតដើម្បីអាចបន្តផលិតដ្រូនឱ្យបានគ្រប់គ្រាន់ ទប់ទល់នឹងការវាយប្រហារពីរុស្ស៉ី៕


