FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល់ហ្សេរី បិទដែនអាកាសចំពោះអេមីរ៉ាតអារ៉ាប់រួម ក្រោយផ្ដាច់ទំនាក់ទំនងការទូត (Video inside)

11-09-2026 09:54

(អាល់ហ្សេ)៖ ប្រទេសអាល់ហ្សេរី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានបិទដែនអាកាសមិនឱ្យយន្ដហោះស៊ីវិល និងយន្ដហោះយោធារបស់អេមីរ៉ាតអារ៉ាប់រួមហោះចូល ឬឆ្លងកាត់ឡើយ បន្ទាប់ពីប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សមួយនេះជុំវិញភាពតានតឹងនឹងគ្នាជាច្រើនឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយដោយប្រកាសពីការផ្ដាច់ទំនាក់ទំនងការទូត រដ្ឋាភិបាលអាល់ហ្សេរីបានចោទប្រកាន់អេមីរ៉ាតអារ៉ាប់រួមពីការធ្វើសកម្មភាពបង្ករឿង និងអរិភាព ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ថាតើអ្វីទៅជាហេតុផលពិតប្រាកដនៅពីក្រោយការសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតនោះទេ? តាមក្រសួងការពារជាតិអាល់ហ្សេរី បម្រាមដែនអាកាសនឹងត្រូវចូលជាធរមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ លើកលែងជើងហោះហើរពាណិជ្ជកម្មទៅ និងមកអាកាសយានដ្ឋានក្នុងទីក្រុងអាល់ហ្សេដែលអាចនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៦។

ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune ជារឿយៗតែងតែចោទប្រកាន់អេមីរ៉ាតអារ៉ាប់រួមថាកំពុងព្យាយាមបង្កស្ថិរភាពដល់បណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ តួយ៉ាងដូចជាលីប៊ី ម៉ាលី និងស៊ូដង់។ តែទោះជាយ៉ាងណាក៏ដោយ ខាងក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួមសង្ឃឹមថាការសម្រេចចិត្តរបស់អាលហ្សេរី គ្រាន់តែជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ហើយបញ្ជាក់ថាទីក្រុង Abu Dhabi នៅតែមានការប្ដេជ្ញាចិត្តក្នុងការរក្សាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២ និងផលប្រយោជន៍រួម៕