ពីក្រុងស៊ីអានទៅកាន់ «ផ្លូវសូត្រថ្មី» នៃកិច្ចសន្ទនាអរិយធម៌
10-09-2026 16:31
(ប៉េកាំង)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦បានចូលរួម និងថ្លែងសុន្ទរកថាក្នុងតុមូលស្តីពី «ការចែករំលែកវប្បធម៌ចិនទៅបរទេស» ក្នុងក្របខណ្ឌវេទិកាលើកទី៣ នៃក្រុមបញ្ញាញាណជាន់ខ្ពស់ ស្រាវជ្រាវពីគំនិតផ្តួចផ្តើមអរិយធម៌សកល នៅទីក្រុងស៊ីអាន ប្រទេសចិន។
វេទិកានេះរៀបចំឡើងដោយមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពផ្សាយ និងចែកចាយសៀវភៅ (CIPC) ដោយមានការចូលរួម ពីអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវពីប្រទេសនានា ដើម្បីពិភាក្សាអំពីការផ្សព្វផ្សាយវប្បធម៌ ការផ្លាស់ប្តូររវាងអរិយធម៌ និងមាគ៌ាអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល។
ក្នុងកម្មវិធី តុមូល លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែកមាគ៌ាជាក់ស្តែងចំនួន៤ រួមមាន ១-ការការពារ និងធ្វើឱ្យបេតិកភណ្ឌមានជីវិត ២-ការប្រើប្រាស់បច្ចេកវិទ្យាភ្ជាប់វប្បធម៌ជាមួយមនុស្សជំនាន់ថ្មី ៣-ការបម្លែងគំនិតទៅជាសកម្មភាព និង ៤-ការដាក់យុវជននៅជាស្នូលនៃកិច្ចសន្ទនាអរិយធម៌។
លោកបានលើកឡើងថា កម្ពុជានិងចិននឹងបន្តសកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ តាមរយៈការស្រាវជ្រាវរួម ការតាំងពិព័រណ៍ និងការផ្លាស់ប្តូរផ្នែកសិក្សា។
លោកក៏បានលើកឧទាហរណ៍ពីការគាំទ្ររបស់ CIPC ក្នុងការកែលម្អ បណ្ណាល័យមេគង្គ-ឡានឆាងចំនួន៥ទីតាំងនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២១។ បណ្ណាល័យទាំងនេះបានក្លាយជាកន្លែងសម្រាប់អាន សិក្សាភាសាចិន ឈ្វេងយល់ពីប្រទេសចិន និងជំរុញកិច្ចសន្ទនាវប្បធម៌រវាងប្រជាជនកម្ពុជា-ចិន។
ទាក់ទងនឹងយុវជន លោកបណ្ឌិតបានបញ្ជាក់ថា ការផ្លាស់ប្តូរ និងទស្សនកិច្ចរវាងយុវជនកម្ពុជា យុវជនចិន និង យុវជននៃប្រទេសនានា ជួយបង្កើនការយល់ចិត្ត ការជឿទុកចិត្ត និងការគោរពភាពចម្រុះនៃអរិយធម៌។
លោកបានសង្កត់ធ្ងន់ថា ភាពចម្រុះនៃអរិយធម៌ជាកម្លាំងចលករបន្ថែមរបស់មនុស្សជាតិ ហើយការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល គួរបន្តបម្លែង «គំនិតទៅជាកិច្ចសន្ទនា ហេីយកិច្ចសន្ទនាទៅជាកិច្ចសហប្រតិបត្តិការ និង បិទបញ្ចប់គឺកិច្ចសហប្រតិបត្តិការទៅជាលទ្ធផល»៕
វិទ្យុមិត្តភាពកម្ពុជាចិន




