ចោរពីរនាក់លួចគាស់សារមន្ទីរនៅបារាំង និងប្លន់យកផ្ទាំងគំនូរតម្លៃ ១០លានដុល្លារ
08-09-2026 21:50
(ម៉ាស៊ី)៖ អាជ្ញាធរក្រុងក្នុងតំបន់បានឱ្យដឹងថា ជនសង្ស័យជាចោរចំនួនពីរនាក់ បានលួចគាស់ចូលក្នុងសារមន្ទីរវិចិត្រករ Pierre-Auguste Renoir នៅភាគខាងត្បូងប្រទេសបារាំង កាលពីព្រឹកថ្ងៃអង្គារនេះ ដោយបានលួចយក «ស្នាដៃសិល្បៈចំនួន ៤ផ្ទាំង» ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ៩លានអឺរ៉ូ (ស្មើនឹង ១០លានដុល្លារអាមេរិក) ប៉ុន្តែបានជ្រុះបន្សល់ទុកគំនូរមួយផ្ទាំង អំឡុងពេលរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ។
លោក Bryan Masson អភិបាលក្រុង Cagnes-sur-Mer បានគូសបញ្ជាក់ដូច្នេះថា «នៅព្រឹកនេះ បុគ្គលពីរនាក់បានលួចចូលក្នុងសារមន្ទីរ Renoir និងបានលួចយកស្នាដៃសិល្បៈចំនួន ៤ផ្ទាំង។ ដោយសារតែត្រូវបានប្រទះឃើញតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ក្រុង ជនទាំងពីរនាក់បានរត់គេចខ្លួន និងបានបោះបង់ចោលផ្ទាំងគំនូរមួយផ្ទាំងនៅពេលកំពុងរត់»។ លោកអភិបាលក្រុងបានបន្ថែមថាសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុត្រឹមតែ ៥នាទីប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅវេលាម៉ោង ៥៖៤៨នាទីព្រឹក។
សារមន្ទីរ Renoir ត្រូវបានបើកដំណើរការតាំងពីឆ្នាំ១៩៦០ នៅក្នុងផ្ទះចុងក្រោយរបស់វិចិត្រករគំនូរដ៏ល្បីល្បាញ Pierre-Auguste Renoir មុនពេលលោកទទួលមរណភាពក្នុងឆ្នាំ១៩១៩។ ទីនោះមានតម្កល់ទុកនូវវត្ថុអនុស្សាវរីយ៍ គ្រឿងសង្ហារិម ជើងទ្រផ្ទាំងគំនូរ ព្រមទាំងស្នាដៃគំនូរទេសភាព និងរូបមនុស្សជាច្រើនរបស់លោក។
គួរបញ្ជាក់ថា ករណីចោរកម្មនេះកើតមានឡើងមិនដល់មួយឆ្នាំផង បន្ទាប់ពីសម្បត្តិសិល្បៈចំនួន ៨មុខ តម្លៃប្រមាណ ១០០លានដុល្លារ ត្រូវបានចោរប្លន់យកចេញពីសារមន្ទីរ Louvre ដ៏ល្បីល្បាញក្នុងរដ្ឋធានីប៉ារីស ដោយទោះបីជាជនសង្ស័យ ៤នាក់ត្រូវបានចាប់ខ្លួនក៏ដោយ ប៉ុន្តែសម្បត្តិសិល្បៈដែលបាត់បង់ទាំងនោះនៅតែមិនទាន់ត្រូវបានរកឃើញនៅឡើយទេ៕

