FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមសង្គ្រោះនេប៉ាល់ សម្រុកស្វែងរកកម្មករវារីអគ្គិសនី ១២១នាក់ ដែលសង្ស័យថាកំពុងជាប់ក្នុងរូងក្រោមដី (Video inside)

07-09-2026 19:50

(កាតម៉ាន់ឌូ)៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនេប៉ាល់ កំពុងសម្រុកប្រតិបត្តិការរុករកកម្មករវារីអគ្គិសនីប្រមាណ ១២១នាក់ ដែលគេសង្ស័យថាកំពុងជាប់នៅក្នុងបណ្តាញរូងក្រោមដី បន្ទាប់ពីមនុស្សចំនួន ៤នាក់ ត្រូវបានជួយសង្គ្រោះទាំងមានជីវិតចេញពីគំនរបាក់បែកនៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមសង្គ្រោះនៃកងទ័ពនេប៉ាល់ បានបង្ហាញក្តីសង្ឃឹមថានឹងអាចមានអ្នកនៅរស់រានមានជីវិត ដោយសារតែរូងក្រោមដីទាំងនោះមានប្រហោងខ្យល់ និងបន្ទប់សុវត្ថិភាព។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារបានជួយសង្គ្រោះមនុស្ស ៤នាក់ជាបន្តបន្ទាប់ រួមមានកម្មករវារីអគ្គិសនី ២នាក់, ពលរដ្ឋចិនម្នាក់ និងស្ត្រីចំណាស់នេប៉ាល់ម្នាក់។ អាជ្ញាធរក៏បាននាំយកឧបករណ៍ទំនើបៗ និងបច្ចេកទេសពិសេសដើម្បីបើកផ្លូវចូលទៅកាន់រូងក្រោមដី ស្របពេលដែលរដ្ឋាភិបាលនេប៉ាល់បានបញ្ជាឱ្យបង្ហូតទង់ជាតិពាក់កណ្តាលដង ដើម្បីកាន់ទុក្ខនៅថ្ងៃទី១៣ តាមប្រពៃណីសាសនាហិណ្ឌូ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់ដ៏មហន្តរាយកាលពីចុងខែសីហាកន្លងទៅ ដែលបង្កឡើងដោយសារការបាក់ស្រុតផ្ទាំងទឹកកកនៅតំបន់ព្រំដែន បានសម្លាប់មនុស្សយ៉ាងហោច ១,៣៨០នាក់ និងបាត់ខ្លួនជាង ៥,៥០០នាក់ នៅប្រទេសនេប៉ាល់ និងតំបន់ទីបេរបស់ចិន ខណៈនេប៉ាល់បានអំពាវនាវសុំជំនួយសង្គ្រោះបន្ទាន់ពីសហគមន៍អន្តរជាតិ៕